ទាហានអ៊ីស្រាអែល ៣ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Rafah។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើការបញ្ជាក់របស់យោធាអ៊ីស្រាអែលនៅថ្ងៃពុធនេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា ទាហានទាំង ៣ នាក់នេះត្រូវបានសម្លាប់នៅពេលដែលអន្ទាក់គ្រាប់បែកមួយបានផ្ទុះឡើងកាលពីថ្ងៃអង្គារ ហើយទាហាន ៣ នាក់ផ្សេងទៀតបានរងរបួស។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ទាហានយ៉ាងតិច ២៩០ នាក់ត្រូវបានសម្លាប់តាំងពីពេលដែលប្រតិបត្តិការតាមផ្លូវគោកនៅក្នុងតំបន់ហ្កាហ្សា (Gaza) បានចាប់ផ្ដើមកាលពីខែតុលាឆ្នាំមុនមក។
អ៊ីស្រាអែលថា ខ្លួនធ្វើប្រតិបត្តិការមានកម្រិតនេះនៅភាគខាងកើតនៃទីក្រុង Rafah នៅតាមបណ្ដោយព្រំដែនរវាងតំបន់ហ្កាហ្សានិងប្រទេសអេហ្ស៊ីប។
ជនជាតិប៉ាឡេស្ទីននៅក្នុងទីក្រុង Rafah បានរាយការណ៍ថាមានការប្រយុទ្ធគ្នាខ្លាំងក្លានៅថ្ងៃពុធនេះនៅពេលដែលកងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារលើទីក្រុង Rafah នៅជាប់ព្រំដែនដែលធ្លាប់ជាកន្លែងជ្រកកោនចុងក្រោយនៃតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអ៊ីស្រាអែលបានព្រមានប្រឆាំងនឹងការលុកលុយពេញទំហឹងចូលក្នុងទីក្រុង Rafah នេះ។
ថ្នាក់ដឹកនាំអ៊ីស្រាអែលបាននិយាយថា កងទ័ពអ៊ីស្រាអែលត្រូវតែចូលលុកលុយទីក្រុង Rafah ដើម្បីកម្ទេចក្រុមហាម៉ាស់ (Hamas) និងដោះលែងចំណាប់ខ្មាំងដែលក្រុមនេះបានចាប់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។
ការប្រយុទ្ធគ្នានៅក្នុងទីក្រុង Rafah បានបណ្ដាលឱ្យជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ភៀសខ្លួន ដែលភាគច្រើននៃអ្នកទាំងនោះបានភៀសខ្លួនរួចហើយនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះ។ ឥឡូវនេះ ពួកគេស្វែងរកកន្លែងជ្រកកោននៅក្នុងជំរំតង់ដ៏កខ្វក់និងតំបន់ផ្សេងទៀតដែលញាំញីដោយសារសង្គ្រាម ដែលនៅទីនោះពួកគេខ្វះទីជម្រក ម្ហូបអាហារ ទឹក និងរបស់របរសំខាន់ៗប្រចាំថ្ងៃផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ៕
វេទិកាបញ្ចេញមតិ