ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហាម៉ាស (Hamas) ថា ខ្លួន​បាន​បាញ់​រ៉ុក្កែត ១៣០ គ្រាប់​ចូល​ទីក្រុង Tel Aviv


គ្រាប់​រ៉ុក្កែត​ ដែល​បាញ់​ដោយ​ក្រុម​ Hamas ពី​តំបន់ Gaza​ ចូល​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
គ្រាប់​រ៉ុក្កែត​ ដែល​បាញ់​ដោយ​ក្រុម​ Hamas ពី​តំបន់ Gaza​ ចូល​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ក្រុម​ហាម៉ាស (Hamas) ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ជាតិ​និយម បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​បាញ់​រ៉ុក្កែត ១៣០ គ្រាប់​ចូល​ទីក្រុង Tel Aviv និង​តំបន់​ជាយ​ក្រុង​របស់​ប្រទេស​អ៊ីស្រាអែល។ ការ​បាញ់​នេះ​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​កើនឡើង​នៃ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប្រទេស​អ៊ីស្រាអែល។

បន្ទាប់ពី​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហាម៉ាស​នេះ អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជុំ​ថ្មី​លើ​តំបន់ Gaza នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សំដៅ​លើ​មូលដ្ឋាន​ប៉ូលិស​និង​សន្តិសុខ។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​តំបន់ Gaza កាលពី​ថ្ងៃ​អង្គារ បាន​សំដៅ​ចំ​អាគារ​ស្នាក់នៅ​មួយ​កន្លែង​ដែល​ជា​ទីតាំង​របស់​ការិយាល័យ​មួយ​ចំនួន​របស់​ក្រុម​ហាម៉ាស​ផងដែរ។

មុន​ពេល​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ចូល​ទីក្រុង Tel Aviv កាលពី​ថ្ងៃ​អង្គារ ពួក​សកម្ម​ប្រយុទ្ធ​បាន​បាញ់​មីស៊ីល​ជាង ២៥០ គ្រាប់​ដាក់​ប្រទេស​អ៊ីស្រាអែល ដោយ​ធ្វើ​ឲ្យ​ស្ដ្រី ២ នាក់​ស្លាប់។

យ៉ាងហោច​ណាស់​មាន​ជនជាតិ​ប៉ាឡេស្ទីន ២៨ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ ៩ នាក់​ផងដែរ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​ស្លាប់​នៅ​ក្នុង​តំបន់ Gaza។

មុន​ពេល​មាន​ការ​វាយ​ប្រហារ​ទាំង​នេះ​កើតឡើង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក «មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត» ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ហើយ​ថា ការ​វាយ​ប្រហារ​ទាំង​នេះ​គួរតែ​បញ្ឈប់ «ជា​បន្ទាន់»។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហាម៉ាស​និង​ក្រុម​ភេរវជន​ផ្សេង​ទៀត ហើយ​ថា ការ​គាំទ្រ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden «ចំពោះ​សន្តិសុខ​អ៊ីស្រាអែល និង​សិទ្ធិ​ស្រប​ច្បាប់​របស់​អ៊ីស្រាអែល​ក្នុង​ការ​ការពារ​ខ្លួន​និង​ប្រជាពលរដ្ឋ​របស់​ខ្លួន គឺ​សំខាន់​និង​មិន​អាច​កែប្រែ​បាន»។

អ្នកស្រី​បាន​បន្ថែម​ថា រដ្ឋបាល​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គាំទ្រ​ដំណោះស្រាយ​ឲ្យ​មាន​រដ្ឋ​ពីរ​ចំពោះ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ដែល​អូស​បន្លាយ​រាប់​ទសវត្សរ៍​មក​នេះ៕

XS
SM
MD
LG