ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច​​២២​នាក់​ស្លាប់​​នៅ​តំបន់ហ្កាហ្សាពី​ការ​វាយប្រហារ​សងសឹក​តាម​​អាកាស​​របស់​អ៊ីស្រាអែល​​នៅ​​ថ្ងៃ​អង្គារ


ផ្សែងនិងអណ្តាតភ្លើងបានសាយភាយឡើង ក្នុងអំឡុងពេលការវាយប្រហារតាមផ្លូវអាកាសដោយកងកម្លាំងយោធាអ៊ីស្រាអែល នៅភាគខាងត្បូងតំបន់ហ្កាហ្សា នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។

ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​រយៈ​ពេល​ពេញ​មួយ​យប់ទី​ ២ ​ទៀត ដោយ​ក្រុម​យុទ្ធជន​ប៉ាឡេស្ទីន​ពី​តំបន់ ​Gaza ដែល​បាញ់​ទៅ​លើទីក្រុង​ហ្ស៊េរុយសាឡិម​ ត្រូវ​បាន​សងសឹក​វិញ​ ដោយ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​មួយ​ទៀត ​ដោយ​កងកម្លាំង​យោធា​អ៊ីស្រាអែល​ កាល​ពី​យប់​ថ្ងៃ​អង្គារ។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ២២ នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ Gaza ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ នៅ​ពេល​យប់​នោះ។

អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​ម្នាក់​និយាយ​ថា យុទ្ធជន Hamas និង​ឥស្លាម​ជីហាត​ចំនួន ១៥ នាក់​ ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នោះ ដែល​បាន​យក​តំបន់​គ្រប់គ្រ​ងដោយ​ក្រុម Hamas រាប់រយ​កន្លែង​ជា​គោលដៅ។ យោធា​ក៏​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អ៊ីស្រាអែល​ចំនួន ៦ នាក់​ បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ពី​ Hamas ​នោះ។​

អំពើ​ហិង្សា​កាល​ពី​ព្រឹក​ព្រហាម​ថ្ងៃ​អង្គារ​នោះ​បាន​កើតឡើងតែប៉ុន្មាន​ម៉ោង បន្ទាប់​ពី​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ២០ នាក់ ដោយ​រួម​ទាំង​កុមារ​ចំនួន ៩ នាក់​ផង​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ Gaza ដោយសារ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​យោធា​អ៊ីស្រាអែល ​ដែល​យក​ក្រុម Hamas ជា​គោលដៅ។

ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នោះ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ចំនួន ១៥០ គ្រាប់ ​ដែល​បាញ់​ចេញ​ពី​តំបន់ ​Gaza ​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ក្នុង​នោះ​គ្រាប់​រ៉ុក្កែត​ចំនួន ៦ គ្រាប់ ​ត្រូវ​បាន​បាញ់​សំដៅ​ទៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​អ៊ីស្រាអែល។​

ក្រុម Hamas បាន​បាញ់​គ្រាប់​រ៉ុក្កែត​នៅ​ម៉ោង​ជាង ៦ ល្ងាច បន្ទាប់​ពី​ទុក​ពេល​ឲ្យ​អ៊ីស្រាអែល​ត្រឹម​ម៉ោង​៦ ល្ងាច​ ម៉ោង​ក្នុង​ស្រុក ឲ្យ​ដក​កង​កម្លាំង​សន្ដិសុខ​របស់​ខ្លួន​ចេញ​ពី​បរិវេណ​វិហារ​ឥស្លាម al-Aqsa នៅ​ក្នុងសង្កាត់​ក្រុង​ចាស់ (Old City) នៃទីក្រុង​ហ្ស៊េរុយសាឡិម។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ថ្លែង​ថា ក្រុម Hamas បានធ្វើ​ហួស​កម្រិត​អាច​អត់​ឱន​ឱ្យ​បាន ​នៅ​ពេល​ពួក​គេធ្វើ​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត។ គេ​ជឿ​ថា នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​ក្រុម Hamas នេះ​បាញ់​គ្រាប់​រ៉ុក្កែត​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហ្ស៊េរុយសាឡិម​ចាប់​តាំង​ពី​សង្គ្រាម​នៅ​ឆ្នាំ ២០១៤ មក។

អ្នក​នាំពាក្យ​ម្នាក់​របស់​យោធា​ដែល​ជា​បណ្ដាញ​របស់​ក្រុម Hamas លោក Abu Obeida បាន​និយាយ​ថា ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​នោះ ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ជា «​អំពើ​ឧក្រិដ្ឋកម្ម និងភាព​គឃ្លើន» ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម៕

XS
SM
MD
LG