ប្រធានក្រុម Hezbollah គឺលោក Hassan Nasrallah បានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថាការវាយប្រហារបំផ្ទុះដ៏សាហាវនៅសប្តាហ៍នេះ នៅក្នុងប្រទេសលីបង់ លើឧបករណ៍ទំនាក់ទំនងរបស់ក្រុមសកម្មប្រយុទ្ធ គឺជា«ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ខណៈពេលដែលមានការជំទាស់ថាអ៊ីស្រាអែលបានឆ្លងកាត់«បន្ទាត់ក្រហម»ក្នុងការអនុវត្តប្រតិបត្តិការនេះ។
ការវាយប្រហារទាំងនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់និងរបួស ៣.០០០នាក់ទៀត ខណៈដែលក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមិនមានការសង្ស័យ ហើយអ្នកផ្សេងទៀតបានឆ្លើយសារទៅលើឧបករណ៍ pagers និងព្យាយាមបន្តការសន្ទនានៅលើអាយកូមរបស់ពួកគេ បានរងការផ្ទុះនៃឧបករណ៍ទាំងនោះ។
ការវាយប្រហារនៅថ្ងៃអង្គារនិងថ្ងៃពុធ ត្រូវបានគេជឿថាធ្វើឡើងដោយក្រុម Mossad ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ទោះបីជាអ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធថា មិនមានជាប់ពាក់ព័ន្ធក៏ដោយ។
លោក Nasrallah បាននិយាយថា «បាទ ពួកយើងត្រូវបានទទួលរងនូវការវាយប្រហារយ៉ាងធំ និងធ្ងន់ធ្ងរ»។ «សត្រូវបានឆ្លងកាត់ព្រំដែន និងបន្ទាត់ក្រហមទាំងអស់»។
ដូចធម្មតា លោក Nasrallah បាននិយាយតាមវីដេអូពីទីតាំងដែលមិនបានបង្ហាញ។ ជាធម្មតា ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់បានកោះប្រជុំជាសាធារណៈដើម្បីឱ្យអ្នកគាំទ្របានមើលសុន្ទរកថារបស់លោកនៅលើអេក្រង់ធំ ប៉ុន្តែលើកនេះវាមិនមានទេ៕