យោធាអ៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទនេះថា មេដឹកនាំបញ្ជាការដ្ឋានផ្នែកស៊ើបការណ៍សម្ងាត់របស់ខ្លួនបានលាលែងពីតំណែងដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។
លោកឧត្តមសេនីយ៍ទោ Aharon Haliva បានទទួលខុសត្រូវជាសាធារណៈរួចហើយចំពោះការបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់ដែលឈានទៅដល់ការវាយប្រហាររបស់ក្រុមហាម៉ាស់នេះ។ នៅ ក្នុងការវាយប្រហារនោះ អ៊ីស្រាអែលថាក្រុមនេះបានសម្លាប់មនុស្ស ១.២០០ នាក់និងចាប់មនុស្សប្រហែល ២៥០ នាក់ធ្វើជាចំណាប់ខ្មាំង។
យោធាអ៊ីស្រាអែលបានបញ្ចេញលិខិតលាលែងពីតំណែងនេះនៅថ្ងៃចន្ទនេះពីលោក Haliva និងបានបញ្ជាក់ថា លោកនឹងចុះចេញពីតំណែងនិងចូលនិវត្តន៍នៅពេលណាដែលអ្នកកាន់តំណែងជំនួសលោកត្រូវបានជ្រើសរើស។
លោក Haliva គឺជាមន្ត្រីជាន់ខ្ពស់ដំបូងបង្អស់ដែលចុះចេញពីតំណែងពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នេះ។
អ៊ីស្រាអែលបានឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់នេះដោយការធ្វើយុទ្ធនាការវាយប្រហារនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដែលខ្លួនថាមានបំណងកម្ទេចក្រុមហាម៉ាស់និងធានាយ៉ាងណាមិនឱ្យក្រុមនេះធ្វើការវាយប្រហារម្ដងទៀតលើអ៊ីស្រាអែល។
យុទ្ធនាការរបស់អ៊ីស្រាអែលនេះបានធ្វើឱ្យផ្នែកភាគច្រើននៃតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញនិងបង្ខំឱ្យប្រជាជនតំបន់នេះប្រហែលបីភាគបួនភៀសខ្លួនពីផ្ទះសម្បែង។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបានលើកឡើងថា សកម្មភាពរបស់យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៤.០០០ នាក់ ដែលពីរភាគបីនៃអ្នកទាំងនេះគឺជាស្ត្រីនិងកុមារ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានគំរាមកាលពីថ្ងៃអាទិត្យក្នុងពេលមួយថ្ងៃមុនថ្ងៃឈប់សម្រាក Passover របស់ជាតិសាសន៍ជ្វីហ្វចូលមកដល់ថានឹង «វាយប្រហារបន្ថែមទៀតដ៏ឈឺចាប់» លើក្រុមហាម៉ាស់ដើម្បីធ្វើយ៉ាងណាឱ្យមានការដោះលែងចំណាប់ខ្មាំងដែលជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ