រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានច្រានចោលការឈប់បាញ់គ្នាដែលត្រូវបានស្នើឡើងនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែលនិងលីបង់ ប៉ុន្មានម៉ោងបន្ទាប់ពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក បារាំង និងប្រទេស៨ផ្សេងទៀតបានអំពាវនាវឱ្យមានការផ្អាកការបាញ់គ្នារយៈពេល២១ថ្ងៃ។
លោក Katz បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា«យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម Hezbollah ជាមួយកម្លាំងទាំងអស់របស់យើង រហូតទាល់ទទួលជ័យជម្នះ និងមានការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ពួកអ្នកស្រុកនៅភាគខាងជើង ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ»។
ក្រោយនោះមិនយូរប៉ុន្មាន យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាក់លាក់នៅក្នុងរដ្ឋធានីបេរូតនៃប្រទេសលីបង់។ សំឡេងផ្ទុះត្រូវបានគេឮហើយផ្សែងត្រូវបានគេឃើញ ហោះចេញពីជាយក្រុងភាគខាងត្បូងរដ្ឋធានីដែលត្រូវបានគេចាត់ទុកជាមជ្ឈមណ្ឌលរបស់ក្រុម Hezbollah។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោកមិនបានឆ្លើយតបទៅនឹងសំណើឈប់បាញ់គ្នាទេ ហើយថាលោកបានប្រាប់យោធាអ៊ីស្រាអែលឱ្យបន្តការវាយប្រហារ«ដោយប្រើកម្លាំងពេញទំហឹង»។
សំណើឈប់បាញ់គ្នាបានកើតមានឡើងកាលពីរសៀលថ្ងៃពុធ នៅក្នុងសេចក្តីថ្លែង ការណ៍មួយដែលបានបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ Hezbollah «គឺមិនអាចអត់ឱនបាន និងបង្ហាញហានិភ័យដែលមិនអាចទទួលយកបាននៃការរាលដាលជម្លោះកាន់តែធំឡើងនៅក្នុងតំបន់»។