ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​បាន​បាញ់​ស្កាត់​​មីស៊ីល​​ក្រុមHezbollah ដៅ​​លើ​ទីស្នាក់ការ​ស៊ើបការ​សម្ងាត់ Mossad


ប្រព័ន្ធការពារប្រឆាំងមីស៊ីល Iron Dome របស់អ៊ីស្រាអែលស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីប្រទេសលីបង់ ចំពេលមានអរិភាពឆ្លងព្រំដែនរវាងក្រុម Hezbollah និងអ៊ីស្រាអែល ដូចដែលបានឃើញពីភាគខាងជើងអ៊ីស្រាអែល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ប្រព័ន្ធការពារប្រឆាំងមីស៊ីល Iron Dome របស់អ៊ីស្រាអែលស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីប្រទេសលីបង់ ចំពេលមានអរិភាពឆ្លងព្រំដែនរវាងក្រុម Hezbollah និងអ៊ីស្រាអែល ដូចដែលបានឃើញពីភាគខាងជើងអ៊ីស្រាអែល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុម Hezbollah បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​ខ្លួន​បាន​បាញ់​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក​ដៅលើ​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ Mossad របស់​អ៊ីស្រាអែល​នៅ​ជិត​ទីក្រុង Tel Aviv ខណៈ​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​អ្វី​ដែល​យោធា​បាន​និយាយ​ថាជា​ការវាយ​ប្រហារ​ដ៏​ខ្លាំង​ប្រឆាំង​នឹង​ក្រុម Hezbollah នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​និង​ខាង​កើត​ប្រទេស​លីបង់។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​ស្ទាក់​កាំជ្រួច​មីស៊ីល​របស់​ក្រុម Hezbollah ដែល​បាន​បណ្តាល​ឱ្យ​មាន​ការបន្លឺ​សារ៉ែន​តាម​អាកាស​នៅ​ក្នុង​ទីក្រុង Tel Aviv។ មិន​មាន​សេចក្តីរាយការណ៍​ពី​ការខូចខាត​ឬ​មនុស្ស​ស្លាប់​និង​រងរបួស​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​លីបង់​បាន​រាយការណ៍​ពី​ការទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ពុធ​ ដែល​ត្រូវ​ចំ​តំបន់​នានា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

ទី​ដៅ​នៃ​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​រួម​មាន​ទាំង​ឃ្លាំង​គ្រាប់​រំសេវ។ នេះ​បើ​តាម​យោធា​អ៊ីស្រាអែល។ យោធា​អ៊ីស្រាអែល​បាន​បន្ថែមថា​ ការបាញ់​គ្រាប់​រ៉ុក្កែត​របស់​ពួកHezbollah ប្រហែល ៤០គ្រាប់​ត្រូវ​បាន​តាមដាន​ឃើញ ដោយ​ត្រូវ​បាន​បាញ់​ស្ទាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ីស្រាអែល។

ជម្លោះ​រីកកាន់តែ​ធំ​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែលនិងលីបង់​ ត្រូវបានកំណត់​ឲ្យពិភាក្សា​នៅ​ជំនួប​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​រសៀល​ថ្ងៃ​ពុធ​ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។

សម្តេច​ប៉ាប Francis មាន​ព្រះរាជ​បន្ទូល​កាលពី​ថ្ងៃ​ពុធ​ថា​ ព្រះអង្គ​មាន​ការស្រងូត​ស្រងាត់​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​លីបង់​ ហើយ​ថា​សហគមន៍​អន្តរជាតិ​នឹង​ធ្វើការ​ដើម្បី​បញ្ឈប់​អ្វី​ដែល​ព្រះអង្គ​បាន​ហៅ​ថាជា«​ការរាលដាល​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​នេះ»។

កិច្ចប្រឹងប្រែង​ការទូត​ដើម្បី​រាំងខ្ទប់​ការប្រយុទ្ធ​គ្នា​និង​ការរារាំង​នៃ​ជម្លោះ​ក្នុង​តំបន់​កាន់ តែ​ធំ រួមមាន​ជំនួប​កាលពី​ថ្ងៃ​អង្គារ​រវាង​ប្រធានាធិបតី​បារាំង​លោកEmmanuel Macron និង​ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Masoud Pezeshkianក្នុង​អំឡុង​ពេល​ដែល​ការិយាល័យ​របស់​ លោក Macron បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​បារាំង​បាន«សង្កត់​ពី​ការទទួល​ខុសត្រូវ​របស់​អ៊ីរ៉ង់​ ដើម្បី​គាំទ្រ​ការបន្ធូរ​បន្ថយ​ភាពតានតឹង​ទូទៅ​ ហើយ​និង​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​បណ្តា​តួអង្គ​ដែល​ធ្វើ​ឱ្យ​មាន​អស្ថិរភាព»៕

XS
SM
MD
LG