អ៊ីស្រាអែលបានវាយប្រហារតាមអាកាសយ៉ាងតិច២ដងលើតំបន់ភាគខាងលិចនៃទីក្រុងដាម៉ាសនិងនៅតំបន់ជាយក្រុងមួយនៃរដ្ឋធានីនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់និងធ្វើឱ្យមនុស្ស១៦នាក់ផ្សេងទៀតរង របួស។ នេះបើតាមការថ្លែងរបស់ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋស៊ីរី ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានAP។
ការវាយប្រហារតាមអាកាសទៅលើតំបន់ Mazzeh នៅទីក្រុងដាម៉ាសនិងតំបន់ជាយក្រុង Qudsaya ដែលស្ថិតនៅភាគពាយ័ព្យនៃរដ្ឋធានីនេះបានបំផ្លិចបំផ្លាញអគារចំនួន២។ នេះបើតាមការថ្លែងរបស់ទីភ្នាក់ងារសារព័ត៌មាន SANA។ អ្នកសារព័ត៌មាន AP ម្នាក់នៅកន្លែងកើតហេតុក្នុងតំបន់ Mazzeh បានថ្លែងថា អគារកម្ពស់៥ជាន់មួយត្រូវបានបំផ្លិចបំផ្លាញដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចំជាន់ក្រោមដី។
យោធាអ៊ីស្រាអែលបានថ្លែងថាខ្លួនបានវាយប្រហារចំទីតាំងរចនាសម្ព័ន្ធនិងមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម Jihad នៅប្រទេសស៊ីរី ហើយ«បានបង្កការខូចខាតធ្ងន់ធ្ងរនៅទីបញ្ជាការរបស់អង្គការភេរវកម្មមួយនេះនិងប៉ះពាល់ទៅលើប្រតិបត្តិការរបស់ក្រុមនេះ»។
ការវាយប្រហារតាមអាកាសនៅទីក្រុងដាម៉ាសនិងតំបន់ជាយក្រុងក្បែរនោះកើតឡើងមិនយូរប៉ុន្មានមុននឹងលោក Ali Larijani ទីប្រឹក្សាមួយរូបរបស់មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei គ្រោងនឹងជួបជាមួយប្រតិភូនានារបស់ប៉ាឡេស្ទីននៅឯស្ថានទូតអ៊ីរ៉ង់ក្នុងតំបន់ Mazzeh។
យោធាអ៊ីស្រាអែលបានថ្លែងថា ក្រុមឥស្លាម Jihad បានចូលដៃជាមួយក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ Gaza Strip កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៣ វាយប្រហារទៅលើភាគខាងត្បូងអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រមាណ១២០០នាក់ ដែលសុទ្ធសឹងតែជាជនស៊ីវិល ហើយមនុស្ស២៥០នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់ទៅតំបន់ហ្កាហ្សា៕
វេទិកាបញ្ចេញមតិ