ប្រទេសអ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើតំបន់ West Bank កាលពីថ្ងៃសុក្រ នៅពេលដែលប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ខ្លួនបានចូលដល់ថ្ងៃទី ៣ ដោយភាគីទាំងពីររាយការណ៍ថាជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៦ នាក់បានស្លាប់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ស្របពេលនេះដែរ មន្ត្រីកំពូលមួយរូបផ្នែកជំនួយរបស់អង្គការសហប្រជាជាតិបានចោទសួរថា «មនុស្សធម៌មូលដ្ឋានរបស់យើងបានក្លាយទៅជាអ្វីហើយ» នៅពេលដែលសង្គ្រាមនៅបន្តរីករាលដាលនៅក្នុងតំបន់ហ្កាហ្សាហើយប្រតិបត្តិការមនុស្សធម៌មានការលំបាកក្នុងការឆ្លើយតប។
អង្គការសហប្រជាជាតិបានព្រមានថា ប្រតិបត្តិការយោធាដែលអ៊ីស្រាអែលបានចាប់ផ្ដើមធ្វើនៅក្នុងតំបន់ West Bank កាលពីថ្ងៃពុធ «កំពុងធ្វើឱ្យស្ថានការណ៍ដែលផ្ទុះរាលដាលរួចស្រាប់ទៅហើយកាន់តែរីករាលដាលបន្ថែមទៀត» នៅក្នុងតំបន់នេះ និងបានជំរុញអ៊ីស្រាអែលឱ្យបញ្ចប់ប្រតិបត្តិការយោធានេះ។
នៅក្នុងសហរដ្ឋអាមេរិក អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានសន្យាថា អ្នកស្រីនឹងមិនផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលនោះទេ ប្រសិនបើអ្នកស្រីជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែ អ្នកស្រីបានសង្កត់ធ្ងន់ថា វាដល់ពេលដែលត្រូវ «បញ្ចប់សង្គ្រាមនេះហើយ»។
អ៊ីស្រាអែលបានហៅការវាយឆ្មក់របស់ខ្លួនលើក្រុងនិងជំរំជនភៀសខ្លួននានានៅទូទាំងតំបន់ West Bank ភាគខាងជើងថាជាប្រតិបត្តិការ «ប្រឆាំងភេរវកម្ម»៕
វេទិកាបញ្ចេញមតិ