ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាកងទ័ពអ៊ីស្រាអែលនឹងស្ថិតនៅក្នុងតំបន់ទ្រនាប់ប្រទេសស៊ីរីដែលនៅជាប់តំបន់ Golan Heights រហូតទាល់តែកងកម្លាំងនៅផ្នែកស៊ីរីអាចធានាសន្តិសុខ។
កងទ័ពអ៊ីស្រាអែលបានរុលទៅមុខពីខាងព្រំដែនរបស់ពួកគេនៃតំបន់ Golan Heights ចូលក្នុងតំបន់ទ្រនាប់និងខាងផ្នែកទឹកដីស៊ីរីបន្ទាប់ពីពួកឧទ្ទាមបានទម្លាក់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ចេញពីអំណាច។
ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា «អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យក្រុម Jihad បំពេញចន្លោះប្រហោងនិងគំរាមកំហែងសហគមន៍អ៊ីស្រាអែលនៅតំបន់ Golan Heights ដោយមានការវាយប្រហារតាមបែបថ្ងៃទី៧ តុលាទេ»។
ចំណាត់ការរបស់អ៊ីស្រាអែលត្រូវបានរិះគន់ដោយអង្គការសហប្រជាជាតិថាជាការរំលោភនៃកិច្ចព្រមព្រៀងឆ្នាំ១៩៧៤ដែលកំណត់ខ្សែបន្ទាត់ដែលបានបែងចែកកងកម្លាំងអ៊ីស្រាអែលនិងស៊ីរីដោយមានតំបន់ទ្រនាប់នៅកណ្តាលដែលត្រូវបានឃ្លាំមើលដោយអង្គការសហប្រជាជាតិ។
ប្រទេសបារំាង អ៊ីរ៉ង់ រុស្ស៊ី តួកគីនិងអារ៉ាប់ប៊ីសាអូឌីតក៏បានរិះគន់ចំណាត់ការរបស់អ៊ីស្រាអែលដែរ ហើយសហរដ្ឋអាមេរិកបាននិយាយថាវាជាការសំខាន់សម្រាប់ការដាក់ពង្រាយកងទ័ពបណ្តោះអាសន្ន។
មេបញ្ជាការដ៏សំខាន់ម្នាក់របស់ពួកអ្នកប្រយុទ្ធស៊ីរីដែលបានទម្លាក់លោក Assad បាននិយាយកាលពីថ្ងៃពុធថា នរណាដែលទាក់ទិននោក្នុងការធ្វើទារុណកម្មនិងសម្លាប់មនុស្សដែលលោក Assad បានឃុំខ្លួនក្នុងអំឡុងការគ្រប់គ្រងកញ្ចាប់ដៃដែកនិងត្រូវព្យួរក ដោយគ្មានការលើកលែងទោស។
លោក Abu Mohammed al-Golani បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្តាញទូរទស្សន៍ Telegram របស់រដ្ឋស៊ីរីថា «យើងនឹងតាមរកពួកគេនៅក្នុងប្រទេសស៊ីរី ហើយយើងនឹងសុំឱ្យប្រទេសផ្សេងៗទៀតប្រគល់អ្នកដែលបានរត់គេចខ្លួន ការធ្វើដូច្នេះយើងអាចធ្វើឱ្យសម្រេចយុត្តិធម៌»៕