ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ជំរុញ​ឱ្យ​ចាត់វិធានការ​ដើម្បី​ការពារ​ជនជាតិ​ភាគតិច Kurdsនៅ​ក្នុង​ប្រទេស​ស៊ីរី


រូបឯកសារ៖ ជនជាតិឃឺដស៊ីរីជិះនៅខាងក្រោយរថយន្ត ដើម្បីភៀសខ្លួនពីតំបន់នានានៅជាយក្រុងភាគខាងជើងនៃទីក្រុង Aleppo ដែលពីមុនត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ។
រូបឯកសារ៖ ជនជាតិឃឺដស៊ីរីជិះនៅខាងក្រោយរថយន្ត ដើម្បីភៀសខ្លួនពីតំបន់នានានៅជាយក្រុងភាគខាងជើងនៃទីក្រុង Aleppo ដែលពីមុនត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ។

ពួក​មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បង្កើន​ការអំពាវនាវ​ដើម្បី​ការពារ​ជនជាតិ​ភាគតិច Kurds នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅពេល​ដែល​ពួកគេ​បាន​ប្រឈម​មុខ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ដែល​គាំទ្រ​ដោយ​ប្រទេស​តួកគី​ បន្ទាប់ពី​ការដួលរលំ​ភ្លាមៗ​នៃ​របប​របស់​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។

ការវាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​រយៈពេល១១ថ្ងៃ​ដែល​ដឹកនាំ​ដោយ​ក្រុម Hayat Tahrir al-Shamដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អង្គការ​ភេរវកម្ម​បាន​នាំ​ឱ្យ​មាន​ការកាន់កាប់​រដ្ឋធានី​ដាម៉ាស​និង​ទីក្រុង​យុទ្ធសាស្ត្រ​ផ្សេង​ទៀតនៅ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​និង​កណ្តាល​នៃ​ប្រទេស​ស៊ីរី។

ឥឡូវ​នេះ កិច្ចប្រតិបត្តិការ​មួយ​ដែល​ដឹកនាំ​ដោយ​ភាគី​នានា​ដែល​គាំទ្រ​ដោយ​ប្រទេស​តួកគី​មាន​គោលបំណង​ដក​ចេញ​កង​កម្លាំង Kurds មកពី​ផ្នែក​នានា​នៃ​ខេត្ត Aleppo រួម​មាន​ទីក្រុង Manbij ផង។

កង​កម្លាំង​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ភាគតិច Kurds ឬ SDF ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម។ ដៃគូ​នេះ​បាន​នាំ​ឱ្យ​មាន​ការរំដោះ​ទឹកដី​ភាគ​ច្រើន​ដែល​កាលពីពេល​មុន​ត្រូវ​បាន​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Gideon Sa’ar បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ការវាត​ប្រហារ​ដែល​គាំទ្រ​ដោយ​តួកគី​នៅ​លើ​ប្រទេស​ស៊ីរី​ត្រូវតែ​បញ្ឈប់។

លោក Sa'a បាន​និយាយ​ក្នុង​សន្និសិទ​កាសែត​នៅ​ក្នុង​ទីក្រុង Jerusalem ថា​«វា​ជា​ការសន្យា​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​អ្នក​ដែល​បាន​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន​ប្រឆាំង​នឹង​ក្រុម ISIS។ វា​ក៏​ជា​ការតាំងចិត្ត​សម្រាប់​ពេល​អនាគត​ដល់​ស៊ីរី ពីព្រោះ ជនជាតិ​ភាគតិច Kurds ជា​កងកម្លាំង​មាន​ស្ថិរភាព​មួយ​នៅ​ក្នុង​ប្រទេស​នេះ»។

អ្នក​ការទូត​ជាន់​ខ្ពស់​អ៊ីស្រាអែល​នេះ​បាន​និយាយ​ទៀត​ថា​ពួកគេ​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត។

ចាប់តាំង​ពី​ការបណ្តេញ​របប Assad មក យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​បាន​ធ្វើ​ការវាយ​ប្រហារ​រាប់រយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ដៅលើ​ឃ្លាំង​ស្តុក​អាវុធ​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG