ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ៊ីស្រាអែល​​​វាយ​ប្រហារ​​តាម​​អាកាស​ត្រូវលើ​សាលា​រៀន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កណ្តាល​តំបន់​ហ្កាហ្សា


ជនជាតិ​ប៉ាឡេស្ទីន​ពិនិត្យមើល​ទីតាំង​ដែល​រងការ​វាយប្រហារ​តាម​អាកាស​របស់​យោធា​អ៊ីស្រាអែល​ នៅ​ជំរំជនភៀសខ្លួន Nuseirat ភាគកណ្តាលតំបន់​ហ្កាហ្សា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
ជនជាតិ​ប៉ាឡេស្ទីន​ពិនិត្យមើល​ទីតាំង​ដែល​រងការ​វាយប្រហារ​តាម​អាកាស​របស់​យោធា​អ៊ីស្រាអែល​ នៅ​ជំរំជនភៀសខ្លួន Nuseirat ភាគកណ្តាលតំបន់​ហ្កាហ្សា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែលបាន​ធ្វើ​ការ​វាយប្រហារតាម​អាកាស​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទៅ​លើ​សាលារៀន​អង្គការ​សហប្រជាជាតិនៅ​កណ្តាល​តំបន់​ហ្កាហ្សា​ ​ដែល​ក្រុម​មន្ត្រី​សុខាភិបាលប៉ាឡេស្ទីននិយាយ​ថា​ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ ៣៣​ នាក់​ស្លាប់។ ​

កងកម្លាំង​ការពារ​អ៊ីស្រាអែល​និយាយ​ថា​ ក្រុមយុទ្ធជន​ហាម៉ាស់​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការវាយប្រហារទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​ បាន​ប្រើប្រាស់​សាលារៀន​នោះ ធ្វើ​ជា​ទី​ជម្រក​ និង​បញ្ជាធ្វើ​ភេរវកម្មចេញ​ពី​ទីតាំង​នោះ។

ការិយាល័យ​ព័ត៌មាន​របស់​ក្រុមហាម៉ាស់​បានទាត់ចោលសេចក្តី​ថ្លែងការណ៍​របស់យោធា​អ៊ីស្រាអែល នេះ​ និង​បាន​និយាយ​ថា​ កងកម្លាំង​អ៊ីស្រាអែល​បាន​អនុវត្ត​សកម្មភាព​ឧក្រិដ្ឋកម្មដ៏​សាហាវ​យង់​ឃ្នង​ ប្រឆាំង​នឹងជនផ្លាស់ទី​លំនៅ​ ហើយថា ​ស្ត្រី​និង​កុមារ​ចំនួន ​៣៣​ នាក់ ​ស្ថិត​ក្នុង​ចំណោមអ្នក​ស្លាប់​ទាំង​នោះ។ ​

អ្នក​នាំ​ពាក្យ​យោធា​អ៊ីស្រាអែល ​លោក​វរសេនីយ៍ទោ​ Peter Lerner បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា​ អ៊ីស្រាអែលមិន​បាន​ដឹង​ពី​ការ​ខូចខាត​ណា​មួយ​លើ​ជន​រងគ្រោះ​ជាស៊ីវិល​នោះ​ឡើយ។

ការ​វាយប្រហារនេះ​កើត​ឡើងនៅទីតាំង​សាលារៀនមួយ​ ដែល​គ្រប់គ្រង​ដោយ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិសម្រាប់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ ក្នុងជំរំ​ជនភៀសខ្លួន​ Nuseirat។

ជិត​មួយ​សប្តាហ៍​ក្រោយ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Joe Biden បាន​ប្រកាស​ជា​សាធារណៈ​ ពីសំណើ​ឱ្យ​មានបទឈប់បាញ់​មួយ​ ដែល​មាន​រយៈពេល​ ៦ ​សប្តាហ៍​ក្នុង​តំបន់​ហ្កាហ្សារួច​មក​ សហរដ្ឋអាមេរិក​និងប្រទេស​ ១៦​ ផ្សេង​ទៀត​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដោយ​បង្ហាញពីការ​គាំទ្រ​របស់​គេ​ ទៅ​លើ​សំណើកិច្ចព្រមព្រៀងនេះ និងបាន​អំពាវនាវ​ដល់​ក្រុម​ហាម៉ាស់​ឱ្យទទួល​យកកិច្ចព្រមព្រៀង​នេះ។

សំណើកិច្ចព្រមព្រៀង​នេះ​ រួម​បញ្ជូល​ការ​ដោះលែង​ចំណាប់​ខ្មាំង​មួយ​ចំនួន ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​ ​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ជនជាតិ​ប៉ាឡេស្ទីន​ និង​អំពាវនាវ​ឱ្យ​មានការ​ចរចា​គ្នា​បន្ត​ទៅ​មុខទៀត ដើម្បី​សម្រេច​ឱ្យបាន​នូវ​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​មួយ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន The Associated Press, Reuters និង​ Agence France-Presse ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG