សំណើសុំឱ្យមានបទឈប់បាញ់មួយ ដែលត្រូវបានប្រកាសឡើងដោយប្រធានាធិបតីអាមេរិកលោក Joe Biden បានដាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្ថិតនៅលើផ្លូវរបត់មួយ ដែលអាចជាមាគ៌ាដែលផ្លាស់ប្តូរកេរតំណែលនៃសម្ព័ន្ធមិត្តដ៏យូរលង់និងជាមេដឹកនាំដែលធ្វើឱ្យមានការបែកបាក់គ្នាកាន់តែជ្រៅរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការស្នើសុំនេះផ្តល់លទ្ធភាពដល់ការបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ដោះលែងជនចំណាប់ខ្មាំងក្នុងចំនួនដ៏ច្រើន ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ បង្កើតភាពស្ងប់ស្ងាត់នៅព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់ និងបង្កើតកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដើម្បីធ្វើឱ្យមានទំនាក់ទំនងជាធម្មតាជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ប៉ុន្តែសំណើនេះក៏នឹងទំនងធ្វើឱ្យបែកបាក់សម្ព័ន្ធភាពគ្រប់គ្រងរបស់លោក Netanyahu ផងដែរ ជាពិសេសនឹងអាចរុញលោកឱ្យជួបនឹងការប្រឆាំងជាច្រើន និងធ្វើឱ្យលោកអាចនឹងងាយទទួលរងគ្រោះកាន់តែខ្លាំងថែមទៀតពីសវនាការកាត់ទោសមួយ ពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោកនោះ។ ការដកកងទ័ពអ៊ីស្រាអែលទាំងអស់ ដូចមានចែងក្នុងសំណើកិច្ចព្រមព្រៀងនេះ អាចធ្វើឱ្យក្រុមហាម៉ាស់អះអាងពីជ័យជម្នះនឹងបង្កើតក្រុមខ្លួនឡើងវិញ។
ម្យ៉ាងវិញទៀត បើលោក Netanyahu បដិសេធសំណើនេះ អាចធ្វើឱ្យអ៊ីស្រាអែលធ្លាក់កាន់តែជ្រៅទៅក្នុងភាពឯកោជាអន្តរជាតិ មានទំនាក់ទំនងកាន់តែអាក្រក់ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដែលមានបំណងកាត់បន្ថយនូវភ្លើងសង្គ្រាម ក៏ដូចជាអាចធ្វើឱ្យលោកប្រឈមទៅនឹងការចោទប្រកាន់ថា បានបោះបង់ក្រុមចំណាប់ខ្មាំង ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
លោក Netanyahu បានទទួលស្គាល់សំណើនោះ ប៉ុន្តែហាក់ដូចជាជំទាស់ទៅនឹងការថ្លែងរបស់លោក Biden។ លោកនិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តដើម្បីកម្ទេចសមត្ថភាពយោធានិងការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ និងនិយាយទៀតថា ការពិភាក្សាគ្នាណាមួយលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅមុនពេលកម្ទេចក្រុមហាម៉ាស់នោះ ជាលក្ខខណ្ឌមួយដែលមិនអាចអនុវត្តបាននោះឡើយ។
កាលពីថ្ងៃចន្ទ លោកបាននិយាយថា ការបំផ្លាញក្រុមហាម៉ាស់ ជាផ្នែកមួយនៃសំណើនេះ ហើយត្រូវបានស្រង់សម្តី ដែលបានប្រាប់នៅក្នុងសវនាការរដ្ឋសភាដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈថា អ៊ីស្រាអែលរក្សាសិទ្ធិនឹងវិលត្រឡប់ទៅកាន់សង្គ្រាមវិញ ប្រសិនបើគោលបំណងរបស់ខ្លួនមិនបានសម្រេចនោះ៕
វេទិកាបញ្ចេញមតិ