ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្កើនការរិះគន់របស់លោកទៅលើការប្រព្រឹត្តិរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ខណៈចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីនបានកើនឡើងកាន់តែខ្ពស់ ដោយលោកបាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីមួយថា «វាមានហេតុផលជាទូទៅ» ដែលអាចជឿបានថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអូសបន្លាយសង្គ្រាមនេះដើម្បីស្តារមុខមាត់នយោបាយរបស់លោក។
ខណៈពេលដែលសង្គ្រាមជិតចូលដល់ខែទី៨ហើយនោះ មេដឹកនាំអ៊ីស្រាអែលរូបនេះ កំពុងប្រឈមនឹងការទាមទារដែលពិបាកនឹងសម្រេចចិត្ត នោះគឺការទាមទារពីលោក Biden និងមេដឹកនាំពិភពលោកដទៃផ្សេងទៀតឱ្យបញ្ចប់សង្គ្រាម ខណៈក្រុមអ្នកសមាជិកសភាស្តាំនិយម ក្នុងរដ្ឋសភាអ៊ីស្រាអែលនិយាយថា ពួកគេនឹងលែងគាំទ្រលោក Netanyahuតទៅទៀត និងទម្លាក់រដ្ឋាភិបាលរបស់លោកចេញពីអំណាច ប្រសិនបើលោកយល់ព្រមឱ្យមានបទឈប់បាញ់មួយ ដោយមិនបានកម្ទេចការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ឱ្យរលាយពីតំបន់ហ្កាហ្សានោះទេ។
លោកBidenកាលពីសប្តាហ៍មុនបានប្រកាសពីសំណើមួយដល់អ៊ីស្រាអែល ដើម្បីបង្កើតឱ្យមានបទឈប់បាញ់គ្នាមួយក្នុងតំបន់ហ្កាហ្សា និងជំរុញដល់ពិភពលោកឱ្យគាំទ្រលើសំណើនេះ។ ប៉ុន្តែក្រុមហាម៉ាស់នៅមិនទាន់យល់ព្រមលើសំណើនេះនៅឡើយទេ ហើយលោក Netanyahu ក៏បានរក្សាសិទ្ធិក្នុងការធ្វើអត្ថាធិប្បាយទៅលើសំណើនេះផងដែរ។
លោក Biden ទទួលស្គាល់ថា រូបលោកនិងលោក Netanyahu មានទំនាក់ទំនងតឹងតែងជាមួយគ្នា ខណៈដែលចំនួនអ្នកស្លាប់ក្នុងតំបន់ហ្កាហ្សាបានកើនឡើងលើសចំនួន៣៦.០០០នាក់ហើយ ដែលជាតួលេខមួយដែលរួមទាំងជនស៊ីវិលនិងក្រុមយុទ្ធជនហាម៉ាស់ផងដែរ។ ពួកគេនៅមានការខ្វែងគំនិតគ្នានៅឡើយជុំវិញបញ្ហាដែលថា តើគួរប្រគល់តួនាទីដល់អាជ្ញាធរប៉ាឡេស្ទីនជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សានៅក្រោយសង្គ្រាមឬយ៉ាងណានោះ ដោយសហរដ្ឋអាមេរិកចង់ឱ្យធ្វើដូចនេះ តែលោក Netanyahu មិនយល់ស្របឡើយ ដោយមិនបានផ្តល់ផែនការលម្អិតរបស់លោកនោះទេ៕
ផ្នែកខ្លះនៃព័ត៌មាននេះត្រូវបានស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Reuters និងទីភ្នាក់ងារសារព័ត៌មានAgence France-Presse។