ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Benjamin Netanyahu​ ឈ្នះ​ដាច់​គឺ​ជាង​៧២​ភាគរយ​ក្នុង​ការ​បោះ​ឆ្នោត​របស់​គណបក្ស​


រូបឯកសារ៖ រូប​ថត​លោក Benjamin Netanyahu (ឆ្វេង) និង​លោក Gideon Saar សមាជិក​គណបក្ស Likud។
រូបឯកសារ៖ រូប​ថត​លោក Benjamin Netanyahu (ឆ្វេង) និង​លោក Gideon Saar សមាជិក​គណបក្ស Likud។

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu ​កាល​ពី​ថ្ងៃព្រហស្បតិ៍ទទួល​បាន​ជ័យ​ជម្នះ​គួរ​ឱ្យ​កត់​សម្គាល់​លើ​លោក ​Gideon Saar ​ដែល​ជា​គូប្រជែង​របស់​លោក​ក្នុង​គណបក្ស​ Likud ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​៧២​ភាគ​រយ។​

ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នេះ​អនុញ្ញាត​ឱ្យ​លោក​Netanyahu​ ចូល​រួម​ក្នុងការ​បោះ​ឆ្នោត​ជាតិ​លើក​ទី​៣​របស់​អ៊ីស្រាអែល​រយៈ​ពេល​មួយ​ឆ្នាំ​ ​ដែល​គ្រោង​ធ្វើ​នៅ​ដើម​ខែ​មីនា។

លោក ​Netanyahu ​បាន​ថ្លែង​នៅក្នុង​សារ​ទៅ​កាន់​អ្នកគាំទ្រ​ថា​ «នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​ធេង! សូម​អរគុណ​សមាជិក​គណបក្ស​ Likud ​ចំពោះ​ការ​ជឿ​ទុកចិត្ត​ ​ការ​គាំទ្រ ​និង​ក្តី​ស្រឡាញ់»។​

លោក​បាន​ប្តេជ្ញា​ថា៖ «នឹង​ដឹកនាំ​គណបក្ស​ Likud​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ ហើយ​បន្ត​ដឹកនាំ​អ៊ីស្រាអែល​ឲ្យ​សម្រេច​បាន​សមិទ្ធផល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។​

លោក​ Saar​ បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក​ Netanyahu ដោយ​ទទួល​ស្គាល់​បរាជ័យ​ហើយ​ថា​លោក​នឹង​បន្ត​គាំទ្រ​គណបក្ស​ Likud ​នៅ​ក្នុង​យុទ្ធនា​បោះឆ្នោត​ខាង​មុខ​នេះ។​

អ្នក​គាំទ្រ​លោក​ Saar​ បាន​និយាយ​ថា ​ប្រសិន​បើ​លោក​ទទួល​បាន​សំឡេង​តែ​៣០​ភាគ​រយ​នៃ​ការ​បោះ​ឆ្នោត​ នោះ​អាច​ចាត់​ទុក​ជា​ជោគជ័យដ៏​ធំ​ហើយ។ ​លោក​មិន​អាច​ទទួល​បាន​សំឡេង​កម្រិត​នេះ​ទេ ​ ​តែ​ខ្វះ​មិន​ច្រើន​ទេ។

លោក Saar ​បាន​និយាយ​ថា៖ ​« ការ​ប្រកួត​ប្រជែង​នេះ​សំខាន់​ណាស់​សម្រាប់​គណបក្ស​ Likud ​និង​គោលការណ៍​ប្រជា​ធិបតេយ្យ​គណបក្ស​នេះ។​ ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​ប្រកួត​ប្រជែង​គឺ​ត្រឹមត្រូវ​និង​ចាំ​បាច់។ ​អ្នក​ណា​ក៏ដោយ ​បើ​មិន​បាន​ត្រៀម​ខ្លួន​ចាប់​យក​ឱកាស​ដើម្បី​ដើរ​តាម​មាគ៌ា​ដែល​ខ្លួន​ជឿ​ជាក់​ទេ​ ​អ្នក​នោះ​នឹង​មិន​ទទួល​បាន​ជ័យជម្នះ​ឡើយ»។​

លោក ​Saar ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជាអ្នក​ប្រកួត​ប្រជែង​ដ៏ខ្លាំងក្លា​លើក​ទីមួយ​ប្រឆាំង​នឹង​លោក​Netanyahu ​ក្នុង​រយៈ​ពេល​១០​ឆ្នាំដែល​លោកដឹកនាំគ​ណបក្ស​ Likud ​ដែល​ជា​គណបក្ស​កាន់​អំណាច។​ ថ្មីៗ​នេះ​លោក Netanyahu ​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​អ៊ីស្រាអែល៕

XS
SM
MD
LG