ប្រទេសអ៊ីស្រាអែលត្រៀមបោះឆ្នោតលើកទី៣មិនធ្លាប់មានក្នុងរយៈពេលមួយឆ្នាំ។ការបោះឆ្នោតថ្មីកើតឡើង នៅពេលដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយជាបន្តបន្ទាប់ និងបន្ទាប់ពីគណបក្សធំៗ ទាំងពីរមិនបានព្រមព្រៀងរួមកម្លាំងគ្នា។
លោក Yuli Edelstein ប្រធានរដ្ឋសភាអ៊ីស្រាអែល បានប្រកាសថា សភាបានបោះឆ្នោតសម្រេចរៀបចំការបោះឆ្នោតថ្មី។
នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលដែលរឿងបែបនេះបានកើតឡើង ហើយដោយសារតែគណបក្ស Likud របស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងគណបក្សខៀវសរបស់លោក Benny Gantz អតីតប្រធានខុទ្ទកាល័យមិនអាចរួមគ្នាបង្កើតរដ្ឋាភិបាលដោយសំឡេងភាគច្រើន។ ចាប់តាំងពីការបោះឆ្នោតចុងក្រោយនៅខែកញ្ញា លោក Reuven Rivlin ប្រធានសភាបានជំរុញឱ្យមានរដ្ឋាភិបាលបង្រួបបង្រួមរវាងគណបក្សទាំងពីរ។
វិទ្យុអ៊ីស្រាអែលបានចាក់បទចំរៀងមួយដែលមានឈ្មោះថា«ខ្ញុំមិនអាចធ្វើអ្វីបានទេ» ហើយបន្ទាប់មកដកស្រង់សម្តីថ្មីៗរបស់លោក Rivlin។ លោកមានប្រសាសន៍ថា« ខ្ញុំសូមប្រាប់ឲ្យគណបក្ស Likud និងគណបក្សខៀវស ថា ប្រជាជនមិនចង់មានការបោះឆ្នោតទៀតទេ» ។
ការចរចាមិនអាចសម្រេចបានថា តើអ្នកណានឹងក្លាយជានាយករដ្ឋមន្រ្តីមុនគេ ហើយរយៈពេលប៉ុន្មាន។ ក្នុងពេលជាមួយគ្នានេះ ក៏មិនមានគណបក្សធំៗណាមួយនៃគណបក្ស ទាំងពីរមានអាសនៈចំនួន៦១អាសនៈនៅក្នុងសភាចំនួន១២០អាសនៈនោះដែរ៕