ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់បានដើរក្បួនតវ៉ានៅទូទាំងតំបន់ West Bank កាលពីថ្ងៃអង្គារនៅក្នុងអ្វីដែលពួកគេហៅថាជា «ថ្ងៃនៃកំហឹង» ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះចំពោះការតាំងទីលំនៅថ្មីរបស់ជនជាតិជ្វីស។
ក្រុមបាតុករបានដុតកង់ឡាននិងគប់ដុំថ្មលើទាហានអ៊ីស្រាអែលដែលបាញ់ឧស័្មនបង្ហូរទឹកភ្នែកនិងគប់គ្រាប់បែកធ្វើឲ្យបាតុករវង្វេងស្មារតី។ ក្រុមបាតុករបានដុតរូបទីងម៉ោងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលស្លៀកទង់ជាតិរបស់អ៊ីស្រាអែល និងបានលើកបដាដែលសរសេរថាលោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo គឺជាដៃគូសង្គ្រាមឧក្រិដ្ឋកម្ម។
គ្មានការរាយការណ៍អំពីគ្រោះថ្នាក់ធ្ងន់ធ្ងរទេនៅអំឡុងបាតុកម្មនេះ។ រហូតដល់យប់ថ្ងៃអង្គារ គ្រាប់រ៉ូកែតពីរគ្រាប់ត្រូវបានបាញ់ចូលក្នុងទឹកដីអ៊ីស្រាអែលចេញពីតំបន់កាហ្សា។ កាលពីសប្តាហ៍មុន រដ្ឋបាលលោក Trump បានបោះបង់ចោលគោនយោបាយអាមេរិកដែលមានអាយុកាល៤០ឆ្នាំ ដែលបានប្រកាសថាការតាំងទីលំនៅរបស់ជនជាតិជ្វីសនៅក្នុងតំបន់ West Bank មិនស្របតាមច្បាប់អន្តរជាតិ។
លោក Pompeo បានថ្លែងថាគោលនយោបាយចាស់មួយនេះ មិនបានជួយដល់បុព្វហេតុសន្តិភាពឡើយ។
លោកក៏បានថ្លែងថា នេះមិនមែនមានន័យថា សហរដ្ឋអាមេរិកកំពុងធ្វើការសម្រេចចិត្តនាពេលឥឡូវនេះ អំពីស្ថាភាពរបស់តំបន់ West Bank ទេ និងបាននិយាយទៀតថាសំណើរនេះគឺជា ផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងថា រដ្ឋបាលលោក Trump កំពុងកែតម្រូវប្រវត្តិសាស្រ្តដែលមានការខុសឆ្គង តាមរយៈការគាំទ្រការពិត និងយុត្តិធម៌៕