ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​សាទរ​ចំពោះ​ការ​ស្លាប់​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ មើល​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​អាមេរិក​ចូល​ទៅ​ជិត​មេដឹកនាំ​ជ្រុល​និយម​ឥស្លាម Abu Bakr al-Baghdadi​ នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ មើល​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​អាមេរិក​ចូល​ទៅ​ជិត​មេដឹកនាំ​ជ្រុល​និយម​ឥស្លាម Abu Bakr al-Baghdadi​ នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​បាន​ហៅ​ការ​សម្លាប់​មេដឹកនាំ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ឈ្មោះ Abu Bakr al-Baghdadi ថា​ជា​ជោគជ័យ​ដ៏​ធំ​មួយ ប៉ុន្តែ​ពួកគេ​បញ្ជាក់​ថា ពួក ISIS នៅតែ​ជា​ការ​គំរាមកំហែង​ផ្នែក​ភេរវកម្ម​ដដែល។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​រូប​នេះ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំឡុង​ពេល​នៃ​ប្រតិបត្តិការ​វាយ​ឆ្មក់​មួយ​របស់​កងកម្លាំង​យោធា​ពិសេស​សហរដ្ឋ​អាមេរិក​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ីរី​កាល​ពី​ចុង​សប្ដាហ៍។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សរសេរ​នៅ​លើ Twitter ថា ការ​ស្លាប់​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​នេះ​គឺ «គ្រាន់តែ​ជា​ដំណាក់កាល​មួយ​តែ​ប៉ុណ្ណោះ។ ជាមួយ​ដៃគូ​របស់​យើង​នៅ​ក្នុង​សម្ព័ន្ធ​ភាព​អន្តរជាតិ ការ​ប្រយុទ្ធ​នៅ​តែ​បន្ត​ទៅ​មុខ​ដើម្បី​កម្ចាត់​អង្គការ​ភេរវកម្ម​នេះ។ វា​ជា​អាទិភាព​របស់​យើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា»។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab បាន​និយាយ​ថា យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ចាត់​ទុក​ជន al-Baghdadi នេះ​ថា​ជា​ទុក្ករបុគ្គល​នោះ​ទេ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​លើក​តម្កើង​នរណា​ម្នាក់​ដែល​ធ្វើ​ទង្វើ​សាហាវ និង​ឧក្រិដ្ឋ​ឃោរឃៅ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ដូច​នេះ​នោះ​ទេ។ ចក្រភព​អង់គ្លេស​នឹង​បន្ត​គាំទ្រ​កិច្ច​ប្រឹងប្រែង​នានា​ដើម្បី​កម្ចាត់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម»។

ប្រធានាធិបតី​តួកគី​លោក Racep Tayyip Erdogan បាន​និយាយ​ថា ការ​ស្លាប់​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​នេះ​គឺ​ជា «ចំណុច​របត់​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​រួម​គ្នា​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម»។ លោក​បន្ថែម​ដូច្នេះ​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ការ​តស៊ូ​មិន​រួញរា​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ស្រប​តាម​ស្មារតី​របស់​សម្ព័ន្ធ​ភាព​នឹង​នាំ​មក​នូវ​សន្តិភាព​សម្រាប់​មនុស្ស​ជាតិ​ទូទៅ»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​អបអរសាទរ​លោក Trump អំពី​អ្វី​ដែល​លោក​ហៅ​ថា​ជា «ការ​ធ្វើ​ឃាត» លើ​ជន al-Baghdadi នេះ។

ចំណែក​ឯ​ប្រទេស​អ៊ីរ៉ង់​វិញ​ហៅ​ការ​សម្លាប់​ជន al-Baghdadi នេះ​ថា «មិន​មែន​ជា​រឿង​ធំ​ដុំ​នោះ​ទេ» និង​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គ្រាន់តែ​កម្ចាត់ «តួ​អង្គ» របស់​ខ្លួន ដែល​ខ្លួន​បាន​ជួយ​បង្កើត​តែ​ប៉ុណ្ណោះ។

រី​ឯ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ ប្រធាន​រដ្ឋ​សភា​អ្នកស្រី Nancy Pelosi បាន​ហៅ​ការ​ស្លាប់​របស់​មេដឹកនាំ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នេះ​ថា «សំខាន់» ប៉ុន្តែ​អ្នកស្រី ក៏​ដូចជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ផង​ដែរ បាន​រំឭក​មនុស្ស​គ្រប់​គ្នា​ថា ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅតែ​មាន​វត្តមាន​នៅ​ឡើយ និង​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​ឡើង​វិញ និង​គំរាម​កំហែង​សហរដ្ឋ​អាមេរិក​បាន​ឡើយ៕

XS
SM
MD
LG