យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារតាមយន្តហោះ នៅទូទាំងតំបន់ហ្កាហ្សា ជាច្រើនថ្ងៃក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សំដៅលើមេដឹកនាំហាម៉ាស់នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងតិច ៩០ នាក់។
កងកម្លាំងការពារអ៊ីស្រាអែល ក៏បានរាយការណ៍អំពីប្រតិបត្តិការជើងគោកផងដែរ នៅភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទៅលើអ្វីដែលយោធាអ៊ីស្រាអែល ហៅថាជាហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម និងកងជីវពលដែលកំពុងតែរៀបចំធ្វើការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល។
គេមិនទាន់ដឹងនៅឡើយ នៅថ្ងៃចន្ទ អំពីជោគវាសនាមេដឹកនាំយោធារបស់ក្រុមហាម៉ាស់ Mohammed Deif ក្រោយការវាយប្រហារតាមយន្តហោះរបស់អ៊ីស្រាអែល នៅតំបន់ Khan Younis។
ក្រុមមន្ត្រីហាម៉ាស់ ប្រកែកថាលោក Deif មិនបានស្លាប់នៅក្នុងការវាយប្រហារនោះ ដោយមិនបានបង្ហាញភស្តុតាងឡើយ។
ក្រុមហាម៉ាស់ក៏បាននិយាយកាលពីថ្ងៃអាទិត្យដែរថា ខ្លួននឹងមិនដកខ្លួនចេញពីកិច្ចចរចាឈប់បាញ់ ដោយសារការវាយប្រហារលើតំបន់ Khan Younis ទេ។
ប្រទេសអេហ្ស៊ីប កាតា និង សហរដ្ឋអាមេរិក កំពុងព្យាយាមជួយរកកិច្ចព្រមព្រៀងឈប់បាញ់មួយ ប៉ុន្តែមិនទាន់បានសម្រេចកិច្ចព្រមព្រៀងថ្មីមួយ ដែលមានរួមការឈប់បាញ់គ្នា និងដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ចាប់ខ្លួននៅតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ