ក្រុមអ្នកចរចាដើម្បីបទឈប់បាញ់គ្នារបស់អ៊ីស្រាអែលនិងអេហ្ស៊ីបកំពុងចរចាអំពីប្រព័ន្ធតាមឃ្លាំមើលអេឡិចត្រូនិកនៅតាមបណ្តោយព្រំដែនរវាងតំបន់ហ្កាហ្សានិងប្រទេសអេហ្ស៊ីប ដែលអាចអនុញ្ញាតឱ្យអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះបាន ប្រសិនបើបទឈប់បាញ់គ្នាមួយត្រូវបានយល់ព្រម។ នេះបើតាមប្រភពពីររបស់អេហ្ស៊ីប និងប្រភពទី ៣ ដែលបានដឹងអំពីបញ្ហានេះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សំណួរថាតើកងទ័ពអ៊ីស្រាអែលស្ថិតនៅនៅតាមព្រំដែនក្លាយជាបញ្ហាមួយនៃបញ្ហានានា ដែលរារាំងកិច្ចព្រមព្រៀងឈប់បាញ់គ្នាយ៉ាងណានោះ ពីព្រោះទាំងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាំងអេហ្ស៊ីបដែលជាអ្នកសម្របសម្រួលនៅក្នុងការចរចានោះ ជំទាស់ប្រឆាំងនឹងការរក្សាវត្តមានរបស់កងទ័ពអ៊ីស្រាអែលនៅទីនោះ។
អ៊ីស្រាអែលព្រួយបារម្ភថា ប្រសិនបើកងទ័ពរបស់ខ្លួនចាកចេញពីតំបន់ព្រំដែន ដែលអ៊ីស្រាអែលចាត់ទុកថាជារបៀង Philadelphi នោះពួកប្រដាប់អាវុធរបស់ក្រុមហាម៉ាស់អាចរត់ពន្ធអាវុធនិងគ្រឿងផ្គត់ផ្គង់ពីប្រទេសអេហ្ស៊ីប ចូលក្នុងតំបន់ហ្កាហ្សា តាមរយៈរូងក្រោមដី ហើយអាចនឹងមានការផ្តល់អាវុធឡើងវិញ ដែលនឹងគំរាមកំហែងដល់អ៊ីស្រាអែលម្តងទៀត។
ប្រព័ន្ធឃ្លាំមើលនេះ ប្រសិនបើភាគីនានានៅក្នុងដំណើរការចរចាយល់ព្រមលើសេចក្តីលម្អិតនោះ អាចធ្វើឱ្យរលូនដល់មាគ៌ាឆ្ពោះទៅរកបទឈប់បាញ់គ្នាមួយ ថ្វីបើមានការរាំងស្ទះមួយចំនួនក៏ដោយ។
ការចរចាកំពុងធ្វើឡើងនៅប្រទេសកាតានិងអេហ្ស៊ីបលើកិច្ចព្រមព្រៀងមួយ ដែលគាំទ្រដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យផ្អាកការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា ដែលមានរយៈពេលជាង ១០ខែ និងការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួនដោយពួកហាម៉ាស់៕
វេទិកាបញ្ចេញមតិ