ពួកមន្ត្រីអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាពួកអ្នកចរចានឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានីគែរ នៃប្រទេសអេហ្ស៊ីបដើម្បីពិភាក្សាបន្ថែមជុំវិញកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលត្រូវបានស្នើឡើងនៅក្នុងតំបន់ហ្កាហ្សា។
ពួកអ្នកចរចាមកពីសហរដ្ឋអាមេរិក ប្រទេសអេហ្ស៊ីបនិងកាតាបានជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយនៅក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដោយមានសេចក្តីរាយការណ៍ព័ត៌មានប្រាប់ឱ្យដឹងថាភាគីទាំងអស់កំពុងរំកិលខិតកាន់តែជិតទៅនឹងការព្រមព្រៀងគ្នា។
ក្រុមហាម៉ាស់បានយល់ព្រមថាអ៊ីស្រាអែលនឹងមិនចាំបាច់ធ្វើការតាំងចិត្តដល់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាដែលជាផ្នែកមួយនៃកិច្ចព្រម ព្រៀងឈប់បាញ់គ្នាទេ ជាការទាមទារដ៏សំខាន់កាលពីពេលមុនរបស់ក្រុមជនសកម្មប្រយុទ្ធ។
ក្រុមដែលសហរដ្ឋអាមេរិកចាត់ទុកជាភេរវកម្មកំពុងគាំទ្រអ្នកសម្របសម្រួលដើម្បីសន្យាចូលរួមនៅក្នុងការចរចាបន្ថែមទៀតរហូតទាល់តែកិច្ចព្រមព្រៀងឈប់បាញ់គ្នាអចិន្ត្រៃយ៍មួយត្រូវសម្រេចបាន។ ការណ៍នេះនឹងធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលក្រុមហាម៉ាស់បានចាប់ខ្លួននៅថ្ងៃទី៧ ខែតុលា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu បាននិយាយថាលោកនឹងមិនយល់ព្រមដល់កិច្ចព្រមព្រៀងមួយដែលនឹងតម្រូវឱ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួនមុនអ៊ីស្រាអែលអាចលប់បំបាត់ក្រុមហាម៉ាស់ទេ។
ការចរចាកើតមានឡើងនៅពេលដែលការប្រយុទ្ធបានបន្តនៅថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងហ្កាហ្សានៅក្នុងតំបន់ហ្កាហ្សាខាងជើង មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានចេញបទបញ្ជាជម្លៀសដែលអំពាវនាវឱ្យជនស៊ីវិលនៅទីនោះចាកចេញ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters