ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​ចាប់ផ្តើម​អនុវត្ត​ហើយ​នៅ​លីបង់


អ្នក​ស្រុក​ដែល​ភៀស​ខ្លួន​អបអរនៅ​ពេល​ពួកគេ​ត្រឡប់​ទៅ​ភូមិ​របស់​ពួកគេ​វិញ​ បន្ទាប់​ពី​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែលនិង​ក្រុម Hezbollah បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅក្រុង Ablah ភាគ​ខាង​កើត​ប្រទេស​លីបង់។
អ្នក​ស្រុក​ដែល​ភៀស​ខ្លួន​អបអរនៅ​ពេល​ពួកគេ​ត្រឡប់​ទៅ​ភូមិ​របស់​ពួកគេ​វិញ​ បន្ទាប់​ពី​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែលនិង​ក្រុម Hezbollah បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅក្រុង Ablah ភាគ​ខាង​កើត​ប្រទេស​លីបង់។

បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​ដែល​មាន​មូលដ្ឋាន​នៅ​លីបង់​បាន​ចូល​ជា​ធរមាន​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ។ នេះ​ជា​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ដែល​មេដឹកនាំ​អាមេរិក​និង​បារាំង​ថា​អាច​បង្កើត​ផ្លូវ​មួយ​ឆ្ពោះ​ទៅរក​បទឈប់បាញ់​មួយ​ទៀត​នៅ​តំបន់​ហ្កាហ្សា។

ពេល​បទឈប់បាញ់​នេះ​ចូល​ជា​ធរមាន រថយន្ត​ជាច្រើន​គ្រឿង​បាន​ចរាចរ​ឆ្ពោះ​ទៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​លីបង់ ដែល​នៅ​ទីនោះ​ការ​ប្រយុទ្ធគ្នា​ដ៏​តានតឹង​រាប់​ខែ​កន្លង​មក​និង​បទបញ្ជា​របស់​អ៊ីស្រាអែល​ឲ្យ​ជម្លៀស​ចេញ​ពី​តំបន់​នោះ​បាន​បង្ខំ​ប្រជាជន​ឲ្យ​ចាកចោល​ផ្ទះសម្បែង​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក​និង​បារាំង​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​សម្រុះសម្រួល​ឲ្យ​មាន​បទឈប់បាញ់​នេះ ដែល​គណៈរដ្ឋមន្ត្រី​ខាង​សន្តិសុខ​អ៊ីស្រាអែល​បាន​អនុម័ត​កាលពី​យប់​ថ្ងៃ​អង្គារ។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ហៅ​បទឈប់បាញ់​នេះ​ថា​ជា «ជំហាន​សំខាន់...ដើម្បី​បញ្ចប់​អំពើ​ហិង្សា» នៅ​តំបន់​មជ្ឈិម​បូព៌ា។ លោក​ថា​អ៊ីរ៉ង់​និង​ក្រុម​ហេសបូឡា​នៅ​លីបង់​និង​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា​ដែល​អ៊ីរ៉ង់​គាំទ្រ «បាន​បាត់បង់​យ៉ាង​ធំធេង» ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​អស់​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។

លោក Biden ថា កិច្ច​ព្រមព្រៀង​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​នេះ «ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​អរិភាព​ជា​អចិន្ត្រៃយ៍»។ តែ​លោក​បាន​ព្រមាន​ថា៖ «ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​ថា បើ​ក្រុម​ហេសបូឡា​ឬ​នរណា​ក៏ដោយ​បំពាន​កិច្ច​ព្រមព្រៀង​នេះ​និង​បង្ក​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​អ៊ីស្រាអែល នោះ​អ៊ីស្រាអែល​នឹង​រក្សា​សិទ្ធិ​ការពារ​ខ្លួន​ស្រប​តាម​ច្បាប់​អន្តរជាតិ ដូច​ប្រទេស​ដទៃ​ទៀត​ដែល​ប្រឈម​នឹង​ក្រុម​ភេរវកម្ម​ដែល​ប្តេជ្ញា​បំផ្លាញ​ប្រទេស​នោះ​ដូច្នោះ​ដែរ»។

លោក Biden បាន​និយាយ​ទាក់ទង​នឹង​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ថា៖ «ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សហរដ្ឋ​អាមេរិក​និង​ជំរុញ​ម្តងទៀត​ដល់​ប្រទេស​តួកគី អេហ្ស៊ីប កាតា អ៊ីស្រាអែល និង​ប្រទេស​ផ្សេងទៀត​ឲ្យ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​នៅ​ហ្កាហ្សា»៕

ប្រធាន​ការិយាល័យ VOA ប្រចាំ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Nike Ching អ្នកឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer និង​ប្រធាន​ការិយាល័យ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara រួមចំណែក​ផ្តល់​ព័ត៌មាន​ក្នុង​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​ទៀត​មាន​ប្រភព​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG