នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបដិសេធរបាយការណ៍មួយដែលថា អ៊ីស្រាអែលបានដាក់ប្រដាប់ស៊ើបការសម្ងាត់នៅជិតសេតវិមានដោយលោកបាននិយាយថាសេចក្តីរាយការណ៍នេះជា«ការប្រឌិតទាំងស្រុង»។
លោក Elad Strohmayer អ្នកនាំពាក្យស្ថានទូត អ៊ីស្រាអែល ក្នុងរដ្ឋធានីវ៉ាស៊ីនតោនក៏បានបដិសេធរបាយការណ៍នេះដោយគេហទំព័រព័ត៌មាន Politico មានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដោយលោកបាននិយាយប្រាប់វីអូអេថា«អ៊ីស្រាអែល មិនបានធ្វើចារកម្មនៅក្នុងស.រ.អា.ទេ»។
គេហទំព័រ Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលស.រ.អា.មានជំនឿថា អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់ស.រ.អា.ប្រហែលទទួលខុសត្រូវដល់ការបង្កប់ប្រដាប់ស្តាប់សំឡេងដែលបានត្រូវរកឃើញនៅជិតសេតវិមាននិងកន្លែងរសើបឯទៀតៗក្នុងរដ្ឋធានីប្រទេសអាមេរិក។
Politico បានសរសេរថាប្រដាប់ឃ្លាំមើលតូចៗដែលគេស្គាល់ថា StingRays «ទំនងត្រូវដាក់ដើម្បីស៊ើបការសម្ងាត់លើប្រធានាធិបតី Donald Trump»។ ក៏ប៉ុន្តែសេចក្តីរាយការណ៍នេះបាននិយាយបន្ថែមថា«គេដឹងមិនច្បាស់លាស់ទេថាតើកិច្ចខិតខំប្រឹងប្រែងទាំងនេះរបស់អ៊ីស្រាអែល មានជោគជ័យឬទេ»។
ពួកអតីតមន្ត្រីជាន់ខ្ពស់ស.រ.អា.ខាងសន្តិសុខជាតិមួយចំនួនបាននិយាយប្រាប់ Politico ថាការធ្វើវិភាគឧបករណ៍ទាំងនេះដោយ FBI និងទីភ្នាក់ងារឯទៀតៗរបស់ស.រ.អា.បានភ្ជាប់ប្រដាប់ស៊ើបការសម្ងាត់ទាំងនេះទៅនឹងពួកភ្នាក់ងារ
អ៊ីស្រាអែល។ ដោយនិយាយយោងដល់ពួកមន្ត្រីទាំងនេះ របាយការណ៍នេះចែងថារដ្ឋាភិបាលស.រ.អា.បានសន្និដ្ឋានថាក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ អ៊ីស្រាអែល ទំនងជានៅពីក្រោយការដាក់ប្រដាប់ស៊ើបការសម្ងាត់ទាំងនេះ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ស.រ.អា.មិនបានចាត់វិធានការប្រឆាំងនឹង អ៊ីស្រាអែល អំពីការដាក់ឧបករណ៍ស៊ើបការសម្ងាត់ទាំងនេះទេ។ របាយការណ៍នេះចែងថាស.រ.អា.មិនផ្តល់សារៈសំខាន់ខ្លាំងដល់សកម្មភាពទាំងនេះរបស់ អ៊ីស្រាអែល ទេដោយសារទំនាក់ទំនងជិតស្និទ្ធខ្លាំងដែលលោក Trump មានជាមួយលោក Netanyahu៕