ក្រុមរដ្ឋឥស្លាមបានចេញផ្សាយរូបថតដែលខ្លួនបានអះអាងថា ជាគ្រាប់បែកដែលបានទម្លាក់យន្តហោះរុស្ស៊ីមួយគ្រឿងនៅលើឧបទ្វីបស៊ីណៃកាលពីខែមុន ហើយបាននិយាយថា ខ្លួនបានវាយប្រហារយន្តហោះនោះ ពីព្រោះតែការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅក្នុងប្រទេសស៊ីរី។
រូបថតដែលបានបង្ហាញនៅលើទស្សនាវដ្តី Dabiq តាមប្រព័ន្ធអ៊ីនធឺណិតផ្លូវការផ្សាយជាភាសាអង់គ្លេសរបស់ក្រុមជ្រុលនិយម បានបង្ហាញកំប៉ុងទឹកក្រូចពណ៌លឿងដែលកេហទំព័រនោះបាននិយាយថា មានគ្រឿងផ្ទុះដែលពួកអ្នកស៊ើបអង្កេតរុស្ស៊ីនិងប្រទេសលោកខាងលិច បានសន្និដ្ឋានថា បានទម្លាក់យន្តហោះធុន Airbus ដែលបានសម្លាប់មនុស្ស២២៤នាក់នៅលើយន្តហោះនោះ។
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីពេលមុន ក៏ប៉ុន្តែ មិនបានផ្តល់ភស្តុតាងទេ។
ទស្សនាវដ្តីនោះបានអះអាងថា កាលពីពេលមុន ពួកជីហាដមានផែនការបាញ់ទម្លាក់យន្តហោះមួយគ្រឿងជារបស់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលកំពុងធ្វើយុទ្ធនាការតាមអាកាសប្រឆាំងនឹងពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ក៏ប៉ុន្តែ ទស្សនាវដ្តី Dabiq នោះបានប្រាប់ឲ្យដឹងទៀតថា យន្តហោះដឹកអ្នកដំណើររុស្ស៊ី បានក្លាយជាទិសដៅបន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូ បានចាប់ផ្តើមការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងខែកញ្ញាប្រឆាំងនឹងពួកកងទ័ពឧទ្ទាមស៊ីរីដែលកំពុងប្រយុទ្ធកងទ័ពដែលស្មោះត្រង់ជាមួយប្រធានាធិបតី បាហ្សា អាលអាសាដ (Bashar Al- Assad)។
ទស្សនាវដ្តីនោះ បានប្រាប់ឲ្យដឹងថា៖ «គ្រាប់បែកនោះ បានត្រូវយកចូលទៅក្នុងយន្តហោះដែលបាននាំទៅដល់ការសម្លាប់ជនជាតិរុស្ស៊ី២១៩នាក់ ហើយនិងពួកអ្នកធ្វើសង្គ្រាមសាសនា៥នាក់ទៀត ហើយការធ្វើដូច្នេះ គឺមួយខែបន្ទាប់ពីការសម្រេចចិត្តដោយគ្មានការពិចារណារបស់រុស្ស៊ី»៕