ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នងការ​ប៉ូលិស​ហ្សាការតា​​បញ្ចេញ​ឈ្មោះ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​បាន​ចូលរួម​ប្រព្រឹត្ត​អំពើ​ភេរវកម្ម


ក្រុម​ប៉ូលិស​កំពុង​ធ្វើ​ការ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។
ក្រុម​ប៉ូលិស​កំពុង​ធ្វើ​ការ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។

នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​ប្រើ​កាំភ្លើង ​និង​គ្រាប់បែក​ផ្ទួនៗ​គ្នា​នៅ​ទីក្រុង​ហ្សាការតា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដែល​ក្រុម​រដ្ឋ​ឥស្លាម​អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់​ ដោយ​រួម​ទាំង​អ្នក​វាយប្រហារ​ទាំង​៥​នាក់​ផង​ដែរ។ មាន​អ្នក​រង​របួស​ចំនួន​២០​នាក់​ ហើយ​ក្នុង​នោះ​ក៏​មាន​ជនបរទេស​ផង​ដែរ។

ស្នងការ​ប៉ូលិស​នៅ​ទីក្រុង​ហ្សាការតា​បាន​បញ្ចេញ​ឈ្មោះ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​នៅ​ប្រទេស​ស៊ីរី​ដែល​បាន​ចូលរួម​ប្រព្រឹត្ត​រឿង​នេះ។ លោក​ស្នងការ​ប៉ូលិស Tito Karnavian ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា «គ្រប់​មេដឹកនាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍​កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​មេដឹកនាំ​នៅ​ក្នុង​តំបន់​នេះ។ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Bahrun Naim បាន​រៀប​ចំ​ផែនការ​វាយប្រហារ​នេះ​ឡើង»។

ក្រុម​សកម្មប្រយុទ្ធ​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ជាមួយ​នឹង​ក្រុម​ប៉ូលិស​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​រសៀល អាជ្ញាធរ​បាន​ប្រកាស​ថា ការ​វាយប្រហារ​នោះ​បាន​បញ្ចប់​ហើយ ហើយ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​៥​នាក់​ត្រូវ​បាន​សម្លាប់។ ប៉ូលិស​បាន​ថ្លែង​ថា ជនជាតិ​កាណាដា​ម្នាក់​ និងជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ក៏​ត្រូវ​បាន​សម្លាប់​ផងដែរ។​

លោក Frans Demon អ្នក​សារព័ត៌មាន​នៃ VOA ដែល​ផ្សាយ​ជា​ភាសា​ឥណ្ឌូនេស៊ី​ បាន​និយាយ​ថា «កន្លែង​កើត​ហេតុ​គឺ​ជា​កន្លែង​ទិញ​ទំនិញ​ដ៏​មាន​ប្រជាប្រិយភាព ដោយ​មាន​ភោជនីយដ្ឋាន​ និង​អាគារ​ការិយាល័យ​ផង​ដែរ ហើយ​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ទី​នោះ។ ស្ថានទូត​អាមេរិក​មាន​ចម្ងាយ​ប្រមាណ​៤០០ ​ឬ​៥០០​ម៉ែត្រ​ពី​ទីនោះ ដែល​មិន​ឆ្ងាយ​ពី​ខុទ្ទកាល័យ​ប្រធានាធិបតី​ប៉ុន្មាន​នោះ​ទេ។ ដូច្នេះ​ នេះ​គឺ​ជា​ទីកន្លែង​ដ៏​សំខាន់មួយ»។​

ខណៈពេល​ដែល​ប៉ូលិស​កំពុង​បោស​សម្អាត​វិថី Tamarin ដែល​ជា​កន្លែង​កើតហេតុ ពួកគេបាន​រកឃើញ​គ្រាប់បែក​ធំ​ចំនួន​មួយ​គ្រាប់ ​និង​គ្រាប់​បែក​តូចៗ​ចំនួន​៥​គ្រាប់​ដែល​មិន​បាន​ផ្ទុះ។ ពួកគេ​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ហេតុអ្វី​បាន​ជា​គ្រាប់​បែក​ទាំង​នោះ​មិន​ផ្ទុះ៕

XS
SM
MD
LG