ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋ​ឥស្លាម​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដ៏​ប្រល័យ​ក្នុង​ក្រុង​ហ្សាការតា


ប៉ូលិស​ម្នាក់​ផ្តល់​សញ្ញា​ឲ្យ​ក្រុម​ការងារ​របស់​គាត់​ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​អាគារ​មួយ នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​ នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។
ប៉ូលិស​ម្នាក់​ផ្តល់​សញ្ញា​ឲ្យ​ក្រុម​ការងារ​របស់​គាត់​ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​អាគារ​មួយ នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​ នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។

ក្រុម​រដ្ឋ​ឥស្លាម បាន​អះអាង​ទទួល​ខុស​ត្រូវ ចំពោះ​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ និង​គ្រាប់បែក​ផ្ទួនៗ​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ទីក្រុង​ហ្សាការតា រដ្ឋ​ធានី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ ការ​វាយប្រហារ​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​៧នាក់​ស្លាប់​ ដោយ​រួម​ទាំង​អ្នក​វាយប្រហារ​ទាំង​៥​នាក់​ផង។

ទីភ្នាក់ងារ​ព័ត៌មាន Aamaq ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​បាននិយាយ​ថា ការ​វាយប្រហារ​នៅ​ក្នុង​តំបន់​អាជីវកម្ម​ចំ​កណ្តាល​ទីក្រុង​ហ្សាការតា​នោះ «តម្រង់​គោល​ដៅ​ទៅ​រក ជនបរទេស និង​កងកម្លាំង​សន្តិសុខ ដែល​ការពារ​ជន​ទាំង​នោះ»។

មុន​នេះ អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​ឥណ្ឌូនេស៊ី លោក Anton Charliyan មាន​ប្រសាសន៍​ថា ក្រុម​មួយ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម ទំនង​ជា​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ។ លោក បាន​ថ្លែង​ថា អ្នក​វាយប្រហារ​ទាំង​នោះ ទំនង​ជា​ព្យាយាម​ចង់​ធ្វើ​ឲ្យ​ដូច​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទី​ក្រុង​ប៉ារីស កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

អំពើ​ហិង្សា​នេះ បាន​ចាប់ផ្តើម​ដោយ​មាន​ការ​ផ្ទុះ​ជា​បន្តបន្ទាប់​តាំង​ពី​ព្រឹក​ នៅ​ក្នុង​តំបន់​មួយ​ក្បែរ​ហាង​លក់​ទំនិញ​លំដាប់​ខ្ពស់ សណ្ឋាគារ​ប្រណិតៗ ស្ថានទូត និង​អាគារ​ការិយាល័យ​ដទៃទៀត។ សរុប​ទាំង​អស់ មាន​ការ​ផ្ទុះ​ចំនួន​៦​ដង។ នេះ​បើ​យោង​តាម​របាយការណ៍​នានា។

ប៉ូលិស និយាយ​ថា ជន​ស៊ីវិល​ពីរ​នាក់​ទៀត ដែល​បាន​ស្លាប់​នៅក្នុង​ការ​វាយប្រហារ​នេះ រួម​ទាំង​ជនជាតិ ហូឡង់​ម្នាក់​ដែរ។

អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ទទួល​សារ​គំរាម​មួយ​កាល​ពី​ខែ​វិច្ឆិកា ពី​ក្រុម​រដ្ឋឥស្លាម​ អំពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ផ្ទួនៗ​គ្នា​មួយ​ នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​នេះ៕

XS
SM
MD
LG