ពួករដ្ឋឥស្លាមនិយាយថា ពួកគេជាអ្នកទទួលខុសត្រូវដល់ការវាយប្រហារកម្រិតខ្ពស់ពីរនៅថ្ងៃពុធនេះក្នុងប្រទេសអ៊ីរ៉ង់ដោយយកសភារបស់ប្រទេស និងទីសក្ការបូជារបស់អតីតមេដឹកនាំ Ayatollah Ruhollah Khomeini ជាទីដៅនៃការវាយប្រហារទាំងនេះ។
ការអះអាងទាមទារការទទួលខុសត្រូវនេះធ្វើឡើងតាមបណ្តាញផ្សាយព័ត៌មាន Amaq របស់ពួករដ្ឋឥស្លាមតែប៉ុន្មានពីរបីម៉ោងក្រោយការវាយប្រហារទាំងនេះចាប់ផ្តើមធ្វើ។
របាយការណ៍ពីបណ្តាញផ្សាយព័ត៌មានអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារលើទីសក្ការបូជានោះមានទាក់ទិននឹងជនប្រដាប់អាវុធបីនាក់ និងអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ដែលបានឆ្មក់ចូលវាយវាយប្រហារកន្លែងនោះ បណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់ម្នាក់ស្លាប់ និងបណ្តាលឱ្យមនុស្សមួយចំនួនទៀតត្រូវរបួស។ សេចក្តីរាយការណ៍ទាំងនេះបានចែងថា ពួកប៉ូលិសចាប់បានអ្នកវាយប្រហារម្នាក់ និងបានសម្លាប់អ្នកវាយប្រហារម្នាក់ទៀត។ នៅឯសភានៃប្រទេសអ៊ីរ៉ង់ អ្នកវាយប្រហារម្នាក់បានបំផ្ទុះខ្លួនឯងនៅខាងក្នុងអាគារនោះ ជាផ្នែកមួយនៃការវាយប្រហារដែលមានទាក់ទិននឹងខ្មាន់កាំភ្លើងបីនាក់ផងដែរ។របាយការណ៍នៃបណ្តាញផ្សាយព័ត៌មានអ៊ីរ៉ង់បាននិយាយថា ឆ្មាំសន្តិសុខម្នាក់បានត្រូវសម្លាប់ ហើយមានមនុស្សមួយចំនួនទៀតបានត្រូវរបួស។
ពួកជ្រុលនិយមរដ្ឋឥស្លាមកំពុងធ្វើសង្គ្រាមជាមួយក្រុមនានាគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ង់ ហើយពួករដ្ឋឥស្លាមយល់ឃើញថា ពួក Shiite ដែលជាក្រុមមនុស្សភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ជាក្រុមជនក្រៅសាសនាដែលសមតែស្លាប់៕