ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​អូទ្រីស​និយាយ​ថា ​ការ​វាយ​ប្រហារ​​នៅ​​ក្រុង​វីយែន​​ធ្វើ​ឡើង​ដោយ​ជន​​គាំទ្រ​រដ្ឋ​ឥស្លាម​


ប៉ូលិស​បិទ​ផ្លូវ​មួយ​នៅ​ក្បែរ​ទីលាន Schwedenplatz បន្ទាប់​ពី​​មាន​ការ​បាញ់​កាំភ្លើង​នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ​​ថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
ប៉ូលិស​បិទ​ផ្លូវ​មួយ​នៅ​ក្បែរ​ទីលាន Schwedenplatz បន្ទាប់​ពី​​មាន​ការ​បាញ់​កាំភ្លើង​នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ​​ថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រី​ក្នុង​ប្រទេស​អូទ្រីសនិយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ជន​ល្មើសដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ក្នុង​រដ្ឋធានីវីយែន​ នៃ​ប្រទេស​អូទ្រីស​ និងបាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤​នាក់​និង​របួស​១៤​ផ្សេង​ទៀត​នោះ​ ថា​ជាមនុស្ស​ដែល​គាំទ្រ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Karl Nehammer បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ ​«យើងទទួល​រង​ការវាយ​ប្រហារមួយ​កាល​ពី​យប់​មិញ​ ដោយ​ភេរវករ​ឥស្លាម​យ៉ាង​តិច​ម្នាក់»។ ​

លោក​និយាយ​ថាជន​វាយ​ប្រហារ​នោះ​ មាន​អាវុធ​វែង​មួយ​ដើម​ និង​មាន​ពាក់​អាវ​អត្តឃាត​ក្លែងក្លាយ​មួយ។​ លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អូទ្រីស APA ​ក្នុង​ពេល​បន្ទាប់​មក​ទៀត​ថា​ ជន​ដៃ​ដល់​នោះ​ ត្រូវ​បានកាត់ទោស​កាល​ពី​ឆ្នាំ​ទៅ ​ពី​បទ​បាន​ព្យាយាម​ទៅ​ប្រទេស​ស៊ីរី​ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋ​ឥស្លាម​នៅ​ទី​នោះ។​

ប៉ូលីស​បាន​បាញ់​ជន​ល្មើស​នោះស្លាប់​ ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Nehammer និយាយ​ថា​ ​អាជ្ញាធរ​នៅ​ថ្ងៃ​អង្គារ បន្ត​ស្វែង​រក​ថា ​តើ​មាន​អ្នក​ណា​ផ្សេង​ទៀត​ដែរ​ឬទេ​ ដែលបាន​ពាក់​ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​នោះ។​

អាជ្ញាធរ​បានប្រាប់​ដល់​ពលរដ្ឋឲ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីកន្លែងជួបជុំ​និង​កន្លែង​ធ្វើ​ដំណើរ​សាធារណៈ។ សិស្សសាលា​ក្នុង​ទីក្រុង​វីយែន ​ត្រូវបាន​អនុញ្ញាត​ឲ្យផ្អាក​មិន​ទៅ​សាលារៀននៅ​ថ្ងៃ​អង្គារ។

ការ​បាញ់​ប្រហារ​នេះ កើត​មាន​ឡើងនៅយប់​ថ្ងៃ​ចន្ទ​ ក្នុង​ទី​ក​ន្លែង​៦​ផ្សេងៗ​គ្នា​ក្នុង​ទី​ក្រុង​វីយែន​ គឺតែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែលកាល​បរិច្ឆេទនៃ​ការ​បិទ​ប្រទេសក្នុង​ផ្នែក​ខ្លះ​ នឹង​ត្រូវ​ចូលជា​ធរមាន​ ដោយ​សារ​តែមាន​ករណី​កើន​ឡើងនៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេ​សនោះ។​

អធិការបតីប្រទេស​អូទ្រីស​លោក​ Sebastian Kurzនិយាយ​ថា​ ប្រទេស​លោកនឹង​មិន​ចុះ​ញ៉ម​ចំពោះ​ការបំភិត​បំភ័យ​របស់​ក្រុម​ភេរវករ​នោះ​ទេ។

លោក​ថា ​ការ​វាយ​ប្រហារ​នេះ​ កើត​ឡើង​ដោយ​ការស្អប់គុណតម្លៃ​ និង​របៀប​រស់​នៅ​របស់​ពលរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យក្នុង​ប្រទេស​អូទ្រីស៕

XS
SM
MD
LG