អាជ្ញាធរបារាំងបានឲ្យដឹងថា មនុស្សម្នាក់ដែលសង្ស័យថាបានប្រើប្រាស់កាំភ្លើងបរបាញ់សត្វ បាញ់អាចារ្យសាសនាគ្រិស្តនិកាយ Orthodox សញ្ជាតិក្រិចម្នាក់ នៅខាងក្រៅព្រះវិហារមួយ នៅក្នុងទីក្រុងលីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឲ្យអាចារ្យនោះរងរបួសធ្ងន់ កំពុងស្ថិតក្រោមសមត្ថកិច្ចរបស់ប៉ូលិស។
ខណៈពេលដែលលោកអាចារ្យ Nikolaos Kakavelaki កំពុងតែបិទព្រះវិហាររបស់លោក លោកត្រូវបានគេបាញ់ចំនួនពីរដងចំទ្រូង ហើយឥឡូវនេះលោកកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់ពីប្រភពព័ត៌មានរបស់ប៉ូលិស។
គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីយុវជនទុយនេស៊ីម្នាក់បានសម្លាប់មនុស្សអស់ចំនួន ៣ នាក់ នៅក្នុងវិហារសាសនាគ្រិស្ត Notre Dame Basilica នៅទីក្រុងនីស ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ និងហេតុការណ៍កាត់ក្បាលគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាម្នាក់ នៅក្បែរទីក្រុងប៉ារីស កាលពីដើមខែមុន។
សន្ដិសុខយាមកាមនៅទូទាំងប្រទេសបារាំងមានកម្រិតខ្ពស់ បន្ទាប់ពីមានការចាក់សម្លាប់នៅវិហារសាសនាគ្រិស្តនោះ ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយនឹងអ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេស។
មេដឹកនាំបារាំងនានាបានចាត់ទុកហេតុការណ៍នេះថា ជាការវាយប្រហារភេរវកម្មរបស់ក្រុមជ្រុលនិយមឥស្លាម បន្ទាប់ពីជនប្រព្រឹត្តបទល្មើសម្នាក់បានស្រែកជាភាសាអារ៉ាប់ថា «Allahu Akbar» ដែលមានន័យថា «ព្រះជាម្ចាស់ គឺអស្ចារ្យណាស់» ខណៈពេលដែលជននោះបានកាត់ក្បាលស្ត្រីម្នាក់ និងបានសម្លាប់មនុស្សពីរនាក់ផ្សេងទៀត៕