ព្យុះសង្ឃរា Isaias បានបង្កឲ្យមានការបាក់ដីនៅក្បែរក្រុង Ocean Isle Beach ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក។ នេះបើយោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក។ ព្យុះសង្ឃរានេះបោកបក់មកពីមហាសមុទ្រអាត្លង់ទិក កាលពីយប់ថ្ងៃច័ន្ទ ជាមួយនឹងកម្លាំងខ្យល់បក់ប្រមាណ ១៣៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្លាំងខ្យល់បានធ្លាក់ចុះមកនៅត្រឹម ១១៧ គីឡូម៉ែត្រក្នុងម៉ោងកាលពីព្រឹកថ្ងៃអង្គារ។ ប៉ុន្តែអ្នកព្យាករណ៍អាកាសធាតុបានឲ្យដឹងថា ព្យុះនេះនឹងបន្ដកើតមាន ហើយបន្ដបោកបក់ទៅកាន់តំបន់ New England នៅល្ងាចថ្ងៃអង្គារ ម៉ោងក្នុងសហរដ្ឋអាមេរិក។
លោក Robbie Berg អ្នកជំនាញខាងព្យុះសង្ឃរានៃមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន The Associated Press ថា៖ «ព្យុះនេះនឹងមិនថមថយវិញទេ ហើយខ្យល់បក់ខ្លាំងនឹងនៅបន្ដមាន ដែលប៉ះពាល់ដល់តំបន់នានារហូតដល់ថ្ងៃស្អែក និងថ្ងៃបន្ទាប់ទៀត»។
អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា នឹងអាចមានខ្យល់គួច ដែលក្រោយមកពិតជាមានខ្យល់គួចចំនួនពីរ បានកើតឡើងនៅក្រុង Kilmarnock រដ្ឋ Virginia និងក្រុង Vienna រដ្ឋ Maryland។ គេព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយដើមឈើអាចបាក់ ដែលបង្កឲ្យមានការដាច់ភ្លើង ខណៈដែលព្យុះ Isaias បោកបក់ទៅកាន់ប៉ែកខាងជើង។ ពលរដ្ឋជាង ៥ សែននាក់គ្មានអគ្គិសនីប្រើប្រាស់ ដែលភាគច្រើនកើតឡើងនៅរដ្ឋ North Carolina និងរដ្ឋ Virginia។ នេះបើយោងតាមគេហទំព័រ PowerOutage.US ដែលតាមដានការប្រើប្រាស់អគ្គិសនីរបស់ពលរដ្ឋ។
ព្យុះសង្ឃរា Isaias នេះបានបង្កឲ្យមនុស្សចំនួនពីរនាក់ស្លាប់នៅ Caribbean និងបានបំផ្លិចបំផ្លាញ Bahamas មុននឹងមកដល់រដ្ឋ Florida សហរដ្ឋអាមេរិក៕