ក្រុមមន្ត្រីអ៊ីរ៉ាក់បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតប្រាំនាក់មកពីក្រុមរដ្ឋឥស្លាមបានធ្វើការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ាក់មួយ នៅភាគខាងជើងក្រុងបាកដាដ (Baghdad) កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យសមាជិកនៃកងកម្លាំងសន្តិសុខយ៉ាងតិចណាស់១២នាក់ស្លាប់និងបានធ្វើឱ្យ២០នាក់ទៀតត្រូវរបួស។
ជនពីរនាក់ក្នុងបណ្តាអ្នកដាក់គ្រាប់បែកទាំងនេះបានបំផ្ទុះឡានពួកគេមានផ្ទុកដោយគ្រឿងផ្ទុះនៅឯខ្លោងទ្វារខាងលិចនៃបន្ទាយ Camp Speicher ជាអតីតមូលដ្ឋានស.រ.អា.មួយនៅខាងក្រៅក្រុង Tikrit ដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនិកាយស៊ុននី(Sunni)។
ប្រភពប៉ូលិសនិងយោធានៅក្នុងទីបញ្ជាការកិច្ចប្រតិបត្តិការ Salahuddin បាននិយាយថាអ្នកធ្វើការវាយប្រហារបីនាក់ទៀតបានបំផ្ទុះខ្លួនឯងនៅពេលពួកគេបានចូលទៅដល់ផ្នែកនៃមូលដ្ឋាននេះ ដែលប៉ូលិសរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងធ្វើការហ្វឹកហ្វឺន។
ក្រុមរដ្ឋឥស្លាមដែលជាជនសកម្មប្រយុទ្ធត្រួតត្រាផ្នែកខ្លះក្នុងភាគខាងជើងនិងខាងលិចនៃប្រទេសអ៊ីរ៉ាក់បានអះអាងទាមទារការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកទាំងនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចែកចាយដល់ក្រុមអ្នកគាំទ្រតាមបណ្តាញអ៊ីនធើណិត។
សេចក្តីថ្លែងការណ៍នេះនិយាយថា ក្រុមរដ្ឋឥស្លាមបានយកទីដៅវាយប្រហារលើ «ក្រុមអ្នកហ្វឹកហ្វឺនមកពីកងទ័ព rejectionist» ជាពាក្យមួយប្រើដោយក្រុមបះបោរនិកាយ Sunni នេះដើម្បីសម្គាល់ក្រុមអ្នកគោរពសាសនាឥស្លាមនិកាយស៊ីអ៊ីត (Shi'ite)។
ប្រទេសអ៊ីរ៉ាក់មានវិបត្តិធ្ងន់ធ្ងរដោយសារជម្លោះខាងនិកាយសាសនា ដោយភាគច្រើនរវាងក្រុម Shi'ites និងក្រុម Sunnis ដែលបានកើនខ្លាំងឡើងៗដោយការលេចឡើងនៃក្រុមបះបោរ Sunni ជ្រុលនិយមហួសហេតុគឺក្រុមរដ្ឋឥស្លាម៕