ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​មួយ​ចំនួន​បាន​ដកថយ​ចេញ​ពី​ទីក្រុង Raqqa ប្រទេស​ស៊ីរី


រូបភាព​ឯកសារ៖​ យុទ្ធជន​ស៊ីរី​ម្នាក់នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​កំពុង​បាញ់កាំភ្លើង​ក្នុង​ជម្លោះ​ជាមួយ​ក្រុម​រដ្ឋឥស្លាម។
រូបភាព​ឯកសារ៖​ យុទ្ធជន​ស៊ីរី​ម្នាក់នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​កំពុង​បាញ់កាំភ្លើង​ក្នុង​ជម្លោះ​ជាមួយ​ក្រុម​រដ្ឋឥស្លាម។

ក្រុម​យុទ្ធជន​ជ្រុល​និយម​រដ្ឋ​ឥស្លាម​មួយ​ក្រុម​បាន​ដកថយ​ចេញ​ពី​ទីក្រុង Raqqa នៃ​ប្រទេស​ស៊ីរី ដែល​ការ​ដកថយ​នេះ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​កង​ជីវពល​ស៊ីរី​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ដែល​បាន​ហ៊ុមព័ទ្ធ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​របស់​កង​ជីវពល​ស៊ីរី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​យុទ្ធជន​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ទាំង​នោះ​បាន​យក​ជន​ស៊ីវិល​ទៅ​ជាមួយ​ពួកគេ​ដើម្បី​ប្រើ​ជា​របាំង​ការពារ។

ស្រប​ពេល​នោះ​ដែរ ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​បន្ត​ធ្វើ​ឡើង​រវាង​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក និង​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​ឥស្លាម។ ទីភ្នាក់ងារ​ព័ត៌មាន Retuers បាន​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​របស់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ម្នាក់​ដែល​បាន​និយាយ​ថា «ប្រតិបត្តិការ​នេះ​បាន​បញ្ចប់​ហើយ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត‍» ដើម្បី​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​នានា​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Raqqa នៅ​ឡើយ។

កាល​ពី​លើក​មុន អ្នក​នាំ​ពាក្យ​ម្នាក់​របស់​កង​ជីវពល​ស៊ីរី​បាន​និយាយ​ថា ពួក​យុទ្ធជន​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ណា​ដែល​មិន​ចាកចេញ​ពី​ទីក្រុង Raqqa នឹង​ត្រូវ​បង្ខំ​ឲ្យ​ចុះចាញ់ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ស្លាប់។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ជន​ស៊ីវិល​ជា​ច្រើន​នាក់​បាន​គេច​ចេញ​ពី​ទីក្រុង Raqqa នៅ​មុន​ពេល​ដែល​ពួក​យុទ្ធជន​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ធ្វើ​ការ​សម្រុក​ចូល​ក្នុង​ទីក្រុង Raqqa ដើម្បី​បណ្ដេញ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ចេញ ក្នុង​គោល​បំណង​ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង Raqqa នេះ​ឡើង​វិញ។

យុទ្ធជន​របស់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​តាំង​ពី​ថ្ងៃ​ទី ៥ ខែ​មិថុនា​មក​ម្ល៉េះ ដោយ​ដណ្ដើម​កាន់កាប់​ទីក្រុង Raqqa បាន​ចំនួន​ជាង ៨០ ភាគរយ​ហើយ។

សកម្មជន​នានា​បាន​និយាយ​ថា ជន​ស៊ីវិល​ជាង ១ ពាន់​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង Raqqa ចាប់តាំង​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ចាប់ផ្ដើម​កាល​ពី​ខែ​មិថុនា​មក ហើយ​មនុស្ស​ជិត ២ សែន ៧ ម៉ឺន​នាក់​បាន​គេច​ចេញ​ពី​ទីក្រុង​នេះ​តាំង​ពី​ខែ​មេសា​មក៕

XS
SM
MD
LG