ព្យុះសង្ឃរា Irma បានបោកបក់ទៅតំបន់ច្រាំងសមុទ្រនៃទីក្រុង Key West ក្នុងរដ្ឋ Florida កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយនឹងខ្យល់កួចនិងទឹកភ្លៀង ហើយបានបោកបក់ឆ្ពោះទៅកាន់ទិសខាងជើងតាមបណ្តោយឆ្នេរសមុទ្រប៉ែកខាងលិចដែលសម្បូរទៅដោយមនុស្សរស់នៅក្នុងរដ្ឋនេះ។
ព្យុះ Irma នេះបានបន្សល់នូវការបំផ្លិចបំផ្លាញកោះនានានៅសមុទ្រការ៉ាអ៊ីប ហើយបានបន្ថយឥទ្ធិពលបន្តិចមកនៅត្រឹមកម្រិតទី៣ ប៉ុន្តែព្យុះនេះនៅតែបន្តបោកបក់ក្នុងល្បឿនខ្យល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ។
ព្យុះសង្ឃរានេះអាចបង្កឲ្យមានការបំផ្លិចបំផ្លាញដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយនិងបំផ្លិចបំផ្លាញផ្នែកមួយចំនួននៃរដ្ឋ Florida នេះ ដែលមិនធ្លាប់ជួបប្រទះគ្រោះមហន្តរាយព្យុះសង្ឃរាធំរបៀបនេះអស់រយៈពេលមួយសតវត្សរ៍មកហើយ។
អ្នកព្យាករណ៍កំពុងតែទស្សន៍ទាយអំពីព្យុះដ៏គ្រោះថ្នាក់នេះ ដែលបានកើនឡើង៣ទៅ៤ម៉ែត្រ នៅតាមបណ្តោយឈូងសមុទ្រម៉ិកស៊ិកនៃរដ្ឋ Florida ខណៈដែលព្យុះនេះបានបោកបក់ទៅដល់ទីក្រុង Naples និងតំបន់ Fort Myers និងកំពុងតែបោកបក់ឆ្ពោះទៅទិសខាងជើង ទៅរកទីក្រុង Tampa ដែលជាទីក្រុងដ៏ធំមួយ។ លំនៅដ្ឋាននិងអាជីវកម្មជាងមួយលានខ្នងបានបាត់បង់អគ្គិសនីប្រើប្រាស់៕