ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ Florida សហរដ្ឋ​អាមេរិក ស្ថិត​ក្នុង​ស្ថានការណ៍​ប្រកាស​អាសន្ន​ស្រប​ពេល​ដែល​ខ្យល់​ព្យុះ​សង្ឃរា Irma បង្កើន​ឥទ្ធិពល​របស់​ខ្លួន


អគារ​ដែល​ត្រូវ​ដួល​រំលំ​ដោយ​និង​ដើមឈើខ្ពស់​ដែល​​បាន​បាក់​ស្រុត​នៅទីក្រុង​ Marigot បន្ទាប់ពីព្យុះ​សង្ឃរា Irma​ បាន​បោក​បក់ កាលពី​ថ្ងៃទី​០៩ កញ្ញា ២០១៧។

ខ្យល់​ព្យុះ​សង្ឃរា Irma បាន​កើន​ឥទ្ធិពល​យ៉ាង​ខ្លាំង ពេល​ដែល​វា​បោកបក់​កាត់​ផ្ទៃ​ទឹក​នៃ​ច្រក​សមុទ្រ​នានា​នៃ​រដ្ឋ Florida សហរដ្ឋ​អាមេរិក ដោយ​ពាំនាំ​នូវ​ខ្យល់ និង​ភ្លៀង​ជះ​មក​លើ​ប្រជុំ​កោះ​នានា​នៃ​រដ្ឋ Florida។

ខ្យល់​ព្យុះ​សង្ឃរា Irma ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ចាត់​ចូល​ជា​ខ្យល់​ព្យុះ​សង្ឃរា​ប្រភេទ​ទី ៤ ត្រូវ​គេ​រំពឹង​ថា​នឹង​ពាំនាំ​នូវ​ខ្យល់​ដែល​មាន​ល្បឿន​ជិត ២១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​នៅ​តាម​តំបន់​នានា​នៃ​រដ្ឋ Florida ដែល​ជា​រដ្ឋ​មួយ​ខាន​ជួប​ប្រទះ​ខ្យល់​ព្យុះ​សង្ឃរា​បែប​នេះ​ក្នុង​រយៈពេល​មួយ​សតវត្ស​កន្លង​មក​នេះ។

ខ្យល់​ព្យុះ​សង្ឃរា​នេះ​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​បង្ក​ជា​ព្យុះ​ភ្លៀង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​ដំបូង​បោក​បក់​កាត់​ប្រជុំ​កោះ​នានា​នៃ​រដ្ឋ Florida មុន​ពេល​វា​បក់​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​ភាគ​ខាង​លិច​នៃ​រដ្ឋ Florida នេះ។

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ អភិបាល​រដ្ឋ Florida លោក Rick Scott បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដ្ឋ Florida ថា រដ្ឋ Florida ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ប្រកាស​អាសន្ន ដោយ​លោក​បាន​ជំរុញ​ឲ្យ​ពួកគេ​ចាកចេញ​ពី​តំបន់​ដែល​ត្រូវ​ជម្លៀស។

មនុស្ស​ជាង ៧ ម៉ឺន ៥ ពាន់​នាក់ បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​ទៅ​កាន់​កន្លែង​ស្នាក់នៅ​បន្ទាន់​បណ្ដោះ​អាសន្ន​ចំនួន​ប្រហែល ៤ រយ​កន្លែង នៅ​ក្នុង​រដ្ឋ Florida។ ផ្ទះ​សម្បែង​ចំនួន​ប្រហែល ៧ ម៉ឺន ៦ ពាន់​ខ្នង ត្រូវ​បាន​គេ​រាយការណ៍​ថា គ្មាន​អគ្គិសនី​ប្រើប្រាស់​រួច​ទៅ​ហើយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ឯ​មូលដ្ឋាន​យោធា Camp David ក្នុង​រដ្ឋ Maryland ដើម្បី​ពិភាក្សា​អំពី​ខ្យល់ព្យុះ​សង្ឃរា Irma នេះ៕

XS
SM
MD
LG