ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​អន្ធពាល​ជាតិ​អៀរឡង់ ត្រូវបាន​កាត់ទោស​នៅ​ក្នុង​ប្រទេស​បារាំង​ពី​បទ​រត់ពន្ធ​ស្នែង​រមាស


រូបឯកសារ៖ ស្នែងរមាស​ដែល​គេ​រឹបអូស​បាន​មុនពេល​វា​ត្រូវបាន​បំផ្លាញ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
រូបឯកសារ៖ ស្នែងរមាស​ដែល​គេ​រឹបអូស​បាន​មុនពេល​វា​ត្រូវបាន​បំផ្លាញ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមាជិក​៩រូប​នៃ​បណ្តាញ​អ្នក​រត់​ពន្ធអន្តរជាតិ​សម្រាប់ភ្លុកដំរី​និង​ស្នែង​រមាស ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​មួយ​ ដែល​ត្រូវ​បាន​រក​ឃើញពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ខុស​ច្បាប់ពីទ្វីបអឺរ៉ុប​ទៅ​កាន់​អាស៊ីខាង​កើត​នោះ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុមរដ្ឋអាជ្ញាបារាំង​ បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេតរបស់​ខ្លួន បន្ទាប់​ពី​ការត្រួត​ពិនិត្យ​ចរាចរជា​ទូទៅ​មួយ​នៅ​តាម​ដង​ផ្លូវ​ដោយ​ក្រុម​ប៉ូលិស​បារាំង​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥​ ដែល​បាន​រក​ឃើញភ្លុក​ដំរី​ជា​ច្រើន​ និងប្រាក់​ប្រមាណ​ ៣៨.៩០០ ដុល្លារនៅក្នុង​រថយន្ត BMW មួយ​គ្រឿង។

អ្នក​នៅ​ក្នុងរថយន្ត​ទាំង​នោះដែល​បាន​អះអាង​ថា ខ្លួន​ជា​ឈ្មួញទិញ​វត្ថុបុរាណ​នោះ គឺ​ជា​សមាជិក​នៃ​ក្រុម​ឧក្រិដ្ឋជនក្នុង​ប្រទេស​អៀរឡង់ Rathkeale Rovers ដែល​មាន​ឫសគល់​ពី​សហគមន៍ Traveller។

ចុង​ចោទ​ទាំង​៩នាក់ដែល​ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​ក្នុង​ទីក្រុង Rennes ប្រទេស​បារាំង​ រួម​មានឈ្មួញ​ដែលមាន​ដើម​កំណើត​ជា​ជន​ជាតិ​ចិន និង​វៀតណាម​នោះ​ ត្រូវ​ទទួល​ទោស​រហូត​ដល់​១០​ឆ្នាំ ​និង​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ។ ចំណែក​ជន​សង្ស័យ​ពីរនាក់​ផ្សេង​ទៀត​ កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។​

មន្ត្រី​ប៉ូលិស​បារាំង​ រក​ឃើញ​ភ្លុក​ដំរី​ និង​ស្នែង​រមាស​ ដែលត្រូវបាន​គេរំលាយ​ធ្វើ​ជា​ម្សៅ​ និង​របស់​របរ​ផ្សេងៗ​ជា​ច្រើន​មុខ​ទៀត​នៅ​លើ​ទឹកដី​បារាំង​ មុន​ពេល​នាំចេញ​ទៅ​កាន់​ទី​ផ្សារ​ក្នុង​ប្រទេស​ចិន ​និង​វៀតណាម​ ដែល​នៅ​ទី​នោះ ​គេ​យក​ទៅប្រើ​ប្រាស់​ធ្វើ​ជា​ថ្នាំ​បុរាណ។

ក្នុង​ការ​ស៊ើប​អង្គេតនោះ​ គេ​ក៏​បាន​រឹប​អូស​ស្នែង​រមាស​មួយដែល​មាន​ទំង់​ជិត​១៥​គីឡូក្រាម​ ដែល​មាន​តម្លៃ​រហូត​ដល់​ ១៥​ លាន​ដុល្លារ​ ​ក្នុង​ទី​ផ្សារ​អាស៊ី​នៅ​ពេល​នោះ។ នេះ​បើតាម​ការលើក​ឡើង​របស់ក្រុម​បរិស្ថាន​ Robin des Bois។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ភ្លុក​ដំរី​ប្រមាណ៤០ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​រឹប​អូស​ផងដែរ៕

XS
SM
MD
LG