ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​អភិរក្ស​និយម​អាហ្វ្រិក​សរសើរ​ដល់​វិធានការ​ហាម​ឃាត់​​ការ​លក់​ភ្លុក​ដំរី​របស់​ប្រទេស​ចិន


ក្រុម​មន្ត្រី​ពិនិត្យ​មើល​ភ្លុក​ដំរី​ដែល​រឹបអូស​បាន​នៅ​នាយកដ្ឋាន​គយ​ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Suvarnabhumi នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។

នា​ពេល​ថ្មីៗ​នេះ ​ការ​លក់​ភ្លុក​ដំរី​បាន​ក្លាយ​ជា​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​ជា​​សកម្មភាព​មួយ​ដែល​ក្រុម​អ្នក​អភិរក្ស​តែង​តែ​និយាយ​ពី​មុនៗ​មក​ ហើយ​បន្ថែម​ថា ជំនួញ​ស្រប​ច្បាប់​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ការ​បិទ​បាំង​ដល់​ការ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ ក្នុង​ការ​​បន្ត​ធ្វើ​ឲ្យ​គេ​យល់​ថា ការ​ទិញ​​និង​រក្សា​ទុក​ភ្លុក​ដំរី​មិន​មាន​បញ្ហា​​អ្វី​នោះ​ទេ។

លោក Max Graham ​ប្រធាន​ក្រុម​ប្រតិបត្តិ​នៃ​ក្រុមអ្នក​អភិរក្ស​សត្វ​ដំរី​ ឈ្មោះ​ថា ​Space for Giants ស្វាគមន៍​ព័ត៌មាន​នេះ។

លោក​ Graham ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​ការ​ដែល​ប្រទេស​ចិន​ប្រកាន់​យក​ជំហរ​នេះ​មាន​ន័យ​ថា មាន​ប្រទេស​មហា​អំណាច​ដែល​មាន​គំនិត​អភិរក្ស​និយម​ថ្មី​មួយ​នៅ​ក្នុង​ពិភព​លោកនេះ​ កំពុង​ទទួល​ខុស​ត្រូវ។ យើង​មាន​ការ​សប្បាយ​ចិត្ត​ខ្លាំងណាស់​ចំពោះ​ជំហរ​នេះ ​ដោយសារ​តែ​ជំនួញ​ភ្លុក​ដំរី​ គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ ហើយ​ជំនួញ​សត្វ​ព្រៃ​ខុស​ច្បាប់​ ជា​ទូទៅ​មាន​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ការ​ប្រើ​ប្រាស់​សរីរាង្គ​សត្វ​ព្រៃ​តាម​បែប​ប្រពៃណី​ បាន​ធ្វើ​ឲ្យ​បាត់​បង់​ពូជ​សត្វ​កម្រៗ​ជាច្រើន​នៅ​ក្នុង​ពិភព​លោក។ ដូច្នេះ​ ការ​ឃើញ​ប្រទេស​ចិន​ប្រកាន់​យក​ជំហរ​បែប​នេះ​ គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​មួយ។ វា​ជា​កាដូដ៍​ល្អ​បំផុតមួយសម្រាប់ថ្ងៃ​បុណ្យ​ណូអែល​ ដែល​សហគមន៍​អ្នក​អភិរក្ស​ទទួល​បាន»។

ប្រទេស​ចិន​ បាន​ប្រកាស​ពី​ការ​ហាម​ឃាត់​នេះ​នៅ​ចុង​ឆ្នាំ​២០១៦ ហើយ​ការ​ហាម​ឃាត់​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​២០១៧ ​ដែល​នេះ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល ដោយសារ​ពួក​គេ​គិត​ថា វា​អាច​នឹង​ត្រូវ​ការ​ពេល​ដល់​ទៅ​៥ឆ្នាំ។ ក្រុម​អ្នក​អភិរក្ស​និយម​មាន​សុទិដ្ឋិនិយម​ បើ​ទោះ​ជា​ពួក​គេ​និយាយ​ថា វា​មាន​ភាព​ឆាប់​រហ័ស​ពេក​ក្នុង​ការ​ទស្សន៍​ទាយ​ថា​ តើ​ការ​ហាម​ឃាត់​នេះ​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ដូច​ម្តេច។

លោក Frank Pope ប្រធាន​ប្រតិបត្តិ​អង្គការ​ Save the Elephants ​ជឿ​ជាក់​ថា ការ​ហាម​ឃាត់​នេះ​អាច​នឹង​បង្ហាញ​ពី​ «ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង» សម្រាប់អនាគត​សត្វ​ដំរី​ ប៉ុន្តែ​លោក​បាន​ព្រមាន​ពី​បញ្ហាមួយ​ផ្សេង​ទៀត។

លោក Pope បាន​និយាយ​ថា៖ «នៅ​ពេល​យើង​គាប​សង្កត់​ទៅ​លើ​ទី​ផ្សារ​ស្រប​ច្បាប់​របស់​ពាណិជ្ជកម្ម​ចិន​ ទីផ្សារ​បន្ទាប់​បន្សំ​នឹង​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​តាម​ព្រំដែន​ប្រទេស​ចិន។ នេះ​ជា​អ្វី​ដែល​យើង​ឃើញថា ​កើត​មានរួច​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ឡាវ ​មីយ៉ាន់ម៉ា និង​ហុងកុង ដែល​នៅ​ខាង​ក្រៅ​ប្រទេសចិន។ ប្រទេសទាំង​នេះ​មាន​ទីផ្សារ​ដែល​រីក​ចម្រើន​ បើ​ទោះ​ជា​មាន​ការ​ហាម​ឃាត់​ និង​ការ​រឹត​ត្បិត​ក្នុង​ប្រទេស​ចិន​ក៏​ដោយ»។

លោក Philip Muruthi អនុប្រធាន​កម្មវិធី​អភិរក្ស​អំបូរ​សត្វ ​របស់​អង្គការ​ African Wildlife Foundation ​ ក៏​មាន​ទស្សនៈ​ដូច​ដៃគូ​អភិរក្ស​និយម​របស់​លោក​ដែរ ដោយ​លោក​បាន​សរសើរចំណាត់​ការ​នេះ ​និង​បាន​កត់​សម្គាល់​ពី​សារៈសំខាន់​នៃ​ការ​បង្ការ​កុំ​ឲ្យទីផ្សារ​ជួញ​ដូរ​នេះ​ ផ្លាស់​ប្តូរ​ទៅ​ជា​ទីផ្សារ​នៅ​កន្លែង​ផ្សេងៗ​ទៀត។​

លោក​បាន​និយាយ​ថា ​សត្វ​ដំរី​នឹង​មិន​មែន​ជា​សត្វ​ដែល​រួច​ផុត​ពី​ទុក្ខ​តែ​មួយ​នោះ​ទេ។

លោក Muruthi​ បាន​និយាយ​ថា៖ «សត្វ​ដំរី​ប្រហែល​៣៥.០០០​ក្បាល ដែល​ជា​ចំនួន​យើង​លើក​យក​មក​និយាយជាច្រើន​ដង​មក​ហើយ ​កំពុង​បាត់បង់​ជា​រៀង​រាល់​ឆ្នាំ។ មាន​ដំរី​ប្រមាណ​ជា​៤១៥.០០០​ក្បាល​នៅ​លើ​ទ្វីប​នេះ។ នេះ​មាន​ន័យ​ថា ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​ល្បឿន​នៃ​ការ​បាត់​បង់​នេះ​នៅ​ដដែល​នោះ​ យើង​នឹង​មិន​មាន​សត្វ​ដំរី​ត​ទៅ​ទៀត​ទេ។ ដូច្នេះ បំណង​ទាំង​អស់​ដែល​ពលរដ្ឋ​អាហ្វ្រិក​មាន​ក្នុង​ការ​ប្រើប្រាស់​សត្វ​ព្រៃ និង​ជម្រក​របស់​ពួក​វាសម្រាប់​ការ​អភិវឌ្ឍ​ វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​នានា​ដូចជា​ កេនយ៉ា អាហ្វ្រិក​ខាង​ត្បូង និងតង់សានី​នោះ បំណងទាំង​នោះ​នឹង​មិន​បាន​សម្រេច​នោះ​ទេ។ ដូច្នេះ នេះ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ណាស់។ នេះ​មិន​មែន​តែ​ជា​បញ្ហា​សត្វ​ដំរី​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ។ វា​ជា​បញ្ហា​សុខុមាលភាព​ពលរដ្ឋ​អាហ្វ្រិក។ វា​ជា​កេរ្តិ៍​ដំណែលរបស់​យើង។ ដូច្នេះ វា​ជាការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ដែល​ប្រទេស​ចិន​បាន​ធ្វើ»។

ក្រុម​អ្នក​អភិរក្ស​និយាយ​ថា ខណៈ​ដែល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បរបាញ់​ជា​រឿង​សំខាន់​នោះ​ ការ​គំរាម​កំហែងធំ​មួយចំពោះ​សត្វ​ដំរី​ក្នុង​រយៈ​ពេល​វែង​ គឺ​ការ​គ្រប់​គ្រង​ទី​ជម្រក​របស់​ពួក​វា។ ពួក​គេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក​ និង​ចិន ជួយ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ទាំង​នេះតាម​រយៈ​ការ​គាំទ្រ​របស់​ពួក​គេ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG