ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សម្លឹង​ទៅ​រក​គោលដៅ​ថ្មី​ បន្ទាប់​ពី​មាន​ការ​សម្លាប់​រមាស​ក្នុង​ចំនួន​ខ្ពស់​បំផុត​មួយ​នៅ​វៀតណាម


ផ្ទាំង​រូបភាព​រមាស​ ដែល​ជំរុញ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​បញ្ឈប់​ការ​ទិញដូរ​ស្នែង​រមាស​ ត្រូវ​បាន​ឃើញ​នៅ​លើ​ដង​ផ្លូវ​មួយ​នៅ​ក្រុង​ ហាណូយ។
ផ្ទាំង​រូបភាព​រមាស​ ដែល​ជំរុញ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​បញ្ឈប់​ការ​ទិញដូរ​ស្នែង​រមាស​ ត្រូវ​បាន​ឃើញ​នៅ​លើ​ដង​ផ្លូវ​មួយ​នៅ​ក្រុង​ ហាណូយ។

ក្រុម​សកម្មជន​ និង​មន្រ្តី​រដ្ឋាភិបាល​បាន​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១០​ ខែ​មេសា​ ដើម្បី​ពិភាក្សា​លើ​ជំហាន​បន្ទាប់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រមាញ់​ស្នែង​រមាស​ នៅ​ស្រប​ពេល​ការ​ប្រមាញ់​មិន​បាន​បង្ហាញ​នូវ​ភាព​ស្រាកស្រាន្ត។​ ​

ឆ្នាំ​ ២០១៤ គឺ​ជា​ឆ្នាំ​សំខាន់​មួយ​សម្រាប់​សត្វ​រមាស​ដែល​នៅ​សេសសល់​នៅ​តំបន់​អាហ្វ្រិក។​ ចំនួន​សត្វ​រមាស​ជា​កំណត់ត្រា​ដ៏​ខ្ពស់​បំផុត​គឺ​ ១.២១៥​ក្បាល​ ត្រូវ​បាន​សម្លាប់​ដើម្បី​យក​ស្នែង​ ដែល​នេះ​ស្មើ​និង​១០​ដង​នៃ​ចំនួន​រមាស​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឆ្នាំ​ ២០០៩។​ កាល​ពី​ឆ្នាំ​មុន​ គេ​បាន​ឃើញ​ការ​បណ្តាក់​ទុន​យ៉ាង​ធំ​បំផុត​ចំនួន​ ៤០​លាន​ដុល្លារ​ទៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ប្រមាញ់​ខុសច្បាប់​ ហើយ​ថវិកា​នោះ​ត្រូវ​បាន​ប្រើ​សម្រាប់​ទិញ​ឧទ្ធម្ភាគចក្រ​បច្ចេកវិទ្យា​ខ្ពស់​ និង​គ្រឿង​ប្រដាប់​សម្រាប់​មើល​ពេល​យប់។​

នេះ​ក៏​ជា​ឆ្នាំ​ដំបូង​នៃ​យុទ្ធនាការ​រយៈ​ពេល​បី​ឆ្នាំ​ ដឹកនាំ​ដោយ​អង្គការ​អភិរក្ស​ WildAid​ ដើម្បី​កាត់​បន្ថយ​តម្រូវការ​ស្នែង​រមាស​នៅ​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​មួយ​ដូច​ទៅ​នឹង​ប្រទេស​ចិន​ ដែល​កំពុងជំរុញ​ការ​វិនាស​ដល់​ពូជ​សត្វ​រមាស​ទាំង​នោះ​ ដោយសារ​ជំនឿ​ថា​ ស្នែង​ដែល​ត្រូវ​បាន​ផ្សំ​ឡើង​ពី​ប្រូតេអ៊ីន​កេរ៉ាទីន​ (Keratin)​ មាន​សរសៃ​ អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​ ដែល​មាន​ចាប់​ពី​ភាព​ធីង​ធោង​ក្រោយ​សេព​គ្រឿង​ស្រវឹង​ រហូត​ដល់​ជំងឺ​មហារីក។​

នៅ​ក្នុង​ពិធី​មួយ​ ដែល​មាន​ប្រកប​ទៅ​ដោយ​តារា​ល្បីៗ​ និង​តំណាង​ពី​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​ ក្រុម​សកម្មជន​បាន​ធ្វើ​ការ​ពិភាក្សា​អំពី​របៀប​នៅ​ក្នុង​ការ​បង្វែរ​និន្នាការ​នោះ​មក​វិញ។​ លោកស្រី​ Hong​ Hoang​ នាយិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ហៅ​ថា​ «Change»​ បាន​និយាយ​ថា​ លោក​ស្រី​មាន​ក្តី​សង្ឃឹម​ថា​ ការ​ប្រើ​តារា​ចម្រៀង​ និង​តារា​សម្តែង​ល្បីៗ​ អាច​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​ «បញ្ឈប់​ការ​ទិញ​ បញ្ឈប់​ការ​សម្លាប់»​ ទៅ​ដល់​ក្រុម​អ្នក​ប្រើប្រាស់។​

លោកស្រី​បាន​បន្ត​ថា​ វា​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ប្រទេស​វៀតណាម​ ក្នុង​ឋានៈ​ជា​ប្រទេស​ទិសដៅ​នៃ​ស្នែង​សត្វ​រមាស។​

ទីផ្សារ​ទិសដៅ​សម្រាប់​ស្នែង​រមាស​ គឺ​ក្រុម​អ្នក​ជំនួញ​ដែល​រក​ប្រាក់​ចំណួល​បាន​ច្រើន​ជាង​ប្រាំ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​ និង​អ្នក​ដែល​ផឹក​ម្សៅ​ស្នែង​រមាស​ជា​ថ្នាំ​ព្យាបាល​ភាព​ធីង​ធោង​ដោយ​សុរា។​

លោកស្រី​ Hoang​ បាន​លើក​ឡើង​ថា​ សេចក្តី​ត្រូវការ​មាន​លើស​ការ​ផ្គត់ផ្គង់​ ជាមួយ​នឹង​ ៧៥​ភាគរយ​ទៅ​៩០​ភាគរយ​នៃ​ស្នែង​រមាស​នៅ​ក្នុង​ទីផ្សារ​ត្រូវ​បាន​ជឿ​ថា​ ជា​វត្ថុ​ក្លែង​ក្លាយ។​

ជាមួយ​គ្នា​នេះ​ នៅ​ក្នុង​ចំណោម​មនុស្ស​៤០០​នាក់​ដែល​ត្រូវ​បាន​សម្ភាសន៍​នៅ​ក្នុង​ការ​ស្ទង់មតិ​ ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​អង្គការ​ WildAid​ នៅ​ចុង​ឆ្នាំ​ ២០១៤​ គ្មាន​នរណា​ម្នាក់​បាន​សារភាព​ថា​ គេ​បាន​ទិញ​ស្នែង​រមាស​ពី​មុន​មក​ទេ។​

នាយក​គ្រប់គ្រង​អង្គការ​ WildAid​ លោក​ John​ Baker​ និយាយ​ថា​ វា​អាច​ថា​ពួកគេ​មិន​សារភាព​ ឬ​មួយ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ស្ទង់មតិ​នោះ​មិន​បាន​ជ្រើស​ចំ​លើ​អ្នក​ដែល​បាន​ទិញ។​

«គេ​មិន​ត្រូវការ​មនុស្ស​ច្រើន​ទេ​ដើម្បី​ទិញ​ស្នែង​រមាស​១.០០០​ នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​៩០លាន​នាក់។​ ដូច្នេះ​រឿង​មួយ​ទៀត​ គឺ​យើង​គិត​ថា​ មាន​មនុស្ស​ច្រើន​ជាង​នេះ​ដែល​ទិញ​ស្នែង​រមាស​លើស​ពី​ចំនួន​ដែល​ការ​ស្ទង់មតិ​បាន​បង្ហាញ។​ ចំនួន​នេះ​ប្រហែល​មិន​ច្រើន​ទេ​នៅ​ក្នុង​បរិបទ​ភាគរយ​ ប៉ុន្តែ​សូម្បី​តែ​មួយ​ភាគរយ​នៃ​៩០​លាន​ ក៏​ជា​ចំនួន​ដ៏​ច្រើន​ដែរ»។​

៧៥​ភាគរយ​នៃ​អ្នក​ឆ្លើយតប​នៅ​ក្នុង​ការ​ស្ទង់មតិ​ ជឿ​ថា​ស្នែង​រមាស​មាន​អត្ថប្រយោជន៍​សម្រាប់​ផ្នែក​សុខភាព​ និង​ផ្នែក​ថ្នាំ​សង្កូវ​ ហើយ​៣៧,៥​ភាគរយ​គិត​ថា​ ស្នែង​រមាស​អាច​ព្យាបាល​ជំងឺ​មហារីក។​ នៅ​ពេល​ត្រូវ​បាន​ប្រាប់​ថា​ សត្វ​រមាស​ទាំងនោះ​ត្រូវ​សម្លាប់​ដើម្បី​យក​ស្នែង​ ហើយ​ថា​សត្វ​ទាំង​នោះ​នឹង​ត្រូវ​ផុត​ពួជ​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ ជិត​ពាក់​កណ្តាល​នៃ​អ្នក​ឆ្លើយតប​បាន​និយាយ​ថា​ ពួក​គេ​នឹង​មិន​ទិញ​ស្នែង​រមាស​ឡើយ។​

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​នោះ​ គឺ​មិន​ត្រឹម​តែ​អំពី​អ្នក​ដែល​ទិញ​ស្នែង​នោះ​ទេ​ ប៉ុន្តែ​អំពី​អ្នក​ដែល​លក់​ស្នែង​ទាំង​នោះ​ដែរ។​ ស្នែង​រមាស​ទម្ងន់​មួយ​ផោន​ ស្មើ​និង​ ០,៤៥​គីឡូក្រាម​ អាច​មាន​តម្លៃ​រហូត​ដល់​ជិត​ ៣​ ម៉ឺន​ដុល្លារ។​ ពាណិជ្ជកម្ម​ខុស​ច្បាប់​មួយ​នេះ​ គឺ​ជា​អាជីវកម្ម​ដ៏​ធំ​មួយ។​

លោក​ Le ​Duc​ Vinh​ ពី​ក្រសួង​គយ​វៀតណាម​បាន​និយាយ​ថា​ ឥវិយាបថ​របស់​រដ្ឋាភិបាល​វៀតណាម​ គឺ​ច្បាស់​លាស់។​

លោក​បាន​បន្ត​ថា​ មន្រ្តី​គយ​បាន​ចាប់​ខ្លួន​អ្នក​ជួញដូរ​មួយ​ចំនួន​ធំ។​ លោក​នាយក​រដ្ឋមន្រ្តី​ Ngyuen​ Tan​ Dung​ បាន​ចេញ​ច្បាប់​បញ្ជា​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៤​ ដើម្បី​ការពារ​សត្វព្រៃ​ និង​កំពុង​បង្វឹក​ សុនខ​ហិត​ក្លិន​ចំនួន​ពីរ​ក្បាល​ ដើម្បី​អាច​កំណត់​បាន​នូវ​ផលិតផល​សត្វ​ព្រៃ​នៅ​កំពង់ផែ​ Hai​ Phong​ នៅ​ក្នុង​ខែ​កញ្ញា។​

លោក​ Baker​ នៃ​អង្គការ​ WildAid​ បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា​ ច្បាប់​នោះ​នឹង​ត្រូវ​ពន្យារ​បន្ថែម​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។​

«យើង​សង្ឃឹម​ថា​ ប្រសិន​បើ​ពួកគេ​មាន​ភាព​ប្រាកដ​ប្រជា​មែន​ នោះ​ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​យើង​ចាត់​វិធានការ​នៅ​ក្នុង​ចំណត​យន្តហោះ​ធំៗ​ចំនួន​ពីរ។​ មក​ទល់​ពេល​នេះ​ ពួកគេ​ចង់​ឲ្យ​ធ្វើ​គម្រោង​សាកល្បង​នៅ​កំពង់​ផែ​ Hai​ Phong។​ ខ្ញុំ​គិត​ថា​ យើង​ត្រូវការ​ធ្វើ​ដូច​នេះ​នៅ​ក្នុង​ចំណត​យន្ត​ហោះ​ចំនួន​ពីរ​ ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។​ បន្ទាប់​មក​គោលដៅ​មួយ​ផ្សេង​ទៀត​គឺ​ ការ​ចែក​រំលែក​ព័ត៌មាន​ ការ​បង្ហាញ​រូបថត​ផ្សេងៗ​នៅ​ក្នុង​សារព័ត៌មាន​ឲ្យ​ឃើញ​ថា​ មាន​ការ​ចាប់​ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ស្នែង​រមាស»។​

លោក​បាន​បន្ត​ថា​ មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​បញ្ឈប់​ការ​ជួញ​ដូរ។​

«អ្នក​នឹង​ឃើញ​មាន​ការ​ប្រែប្រួល​ ប្រសិន​បើ​មាន​ការ​កាត់​ទោស​ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​កាន់​តែ​ច្រើន​ ក៏​ដូច​ជា​ការ​រឹប​អូស​យក​ស្នែង​រមាស​ដែល​ត្រូវ​ជួញ​ដូរ​កាន់​តែ​ច្រើន​ឡើង​ ប៉ុន្តែ​យើង​មិន​ឃើញ​មាន​របាយការណ៍​អំពី​រឿង​នេះ​ច្រើន​ទេ។​ ដូច​នេះ​ ខ្ញុំ​គិត​ថា​ គេ​អាច​ធ្វើ​កិច្ច​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ទៀត»។​

លោក​ក៏​បាន​លើកឡើង​ផង​ដែរ​ថា​ ឥឡូវ​នេះ​វា​អាស្រ័យ​ទៅ​លើ​ការ​ដែល​រដ្ឋាភិបាល​នឹង​អនុវត្ត​នូវ​ច្បាប់​នោះ​ ហើយ​លើក​កម្ពស់​ប្រវត្តិ​របស់​ខ្លួន​នៅ​ក្នុង​ការ​អនុម័ត​ច្បាប់»៕​

ប្រែ​សម្រួល​ដោយ​៖ ណឹម​ សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG