ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

IRI៖​ សុទិដ្ឋិនិយម​របស់​សាធារណជន​អំពី​ទិសដៅ​ប្រទេស​ជាតិ​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង

  • សុខ ខេមរា

ក្រាហ្វិក​របស់​ដែល​ជា​ផ្នែក​មួយ​នៃ​របាយការណ៍​របស់​អង្គការ​ IRI ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​២៣ ខែមករា​ ឆ្នាំ​២០១៤។ (ដោយ IRI)
ក្រុម​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​គណបក្ស​ជំទាស់​បាន​ឆ្លើយ​តប​យ៉ាង​ ប្រយ័ត្ន​ប្រយែង​នៅ​ឡើយ​ចំពោះ​ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​ អន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា​ អង្គការ​ IRI ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​រក​ឃើញ​ថា​ សុទិដ្ឋិនិយម​របស់​សាធារណជនអំពី​ទិស​ដៅ​របស់​ប្រទេស​ជាតិ​មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ហើយ​ពលរដ្ឋ​ជាច្រើន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការកែ​ទម្រង់​ប្រជាធិប​តេយ្យ។

ការ​ស្ទង់​មតិ​ចុងក្រោយ​នេះ​រក​ឃើញ​ថា​ ពលរដ្ឋ​ប្រមាណ​៥៥%​យល់​ថា ​ប្រទេស​កម្ពុជា​កំពុង​តែ​ដើរ​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​ ដែល​ចំនួន​នេះ​ជា​ការ​ធ្លាក់​ចុះ​ចំនួន​២៤% ពី​ចំនួន​ពលរដ្ឋ​ប្រមាណ​៨០%​ដែលយល់​ឃើញ​ដូច្នេះ ​ក្នុង​លទ្ធផល​ដើម​ឆ្នាំ​ ២០១៣។ ​នេះ​គឺ​ជា​តួលេខ​ដ៏ទាប​បំផុត​ដែល​ IRI ​បាន​រក​ឃើញ​ចាប់​តាំង​ពី​អង្គការ​នេះ​ចាប់ផ្តើម​ធ្វើ​ការ​ស្ទង់មតិ​នៅ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៦។ ​ការ​ស្ទង់​មតិ​ចុង​ក្រោយ​នេះ​ក៏​បាន​បង្ហាញ​ថា​ ​ នេះជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​សម្រេច​របស់​ប្រជាពលរដ្ឋថា​ បោះ​ឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា​នៅក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ២០១៣​កន្លង​ទៅ​នេះ។​ អ្នកបោះ​ឆ្នោត​បាន​ឆ្លើយ​ភាគច្រើន​ថា ​«ប្រទេស​ត្រូវការ​ការ​ផ្លាស់​ប្តូរ»។​

លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ បាន​អះអាង​ថា​ ការ​ស្ទង់មតិ​ឬ​ ហៅ​ថា​ Survey​នេះ​គ្រាន់​តែជា​ចំណាំង​នៃ​ការ​បោះឆ្នោត​ប៉ុណ្ណោះ ​តែមិន​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពីភាព​ពិត​នៃ​សេចក្តី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ។​

«អ្វីដែល​គេ​និយាយ​ថា​ ដើរ​ផ្លូវ​ត្រូវ​ ឬផ្លូវខុស ​វាមិន​បញ្ជាក់​ភាព​ពិត​របស់​កម្ពុជា​ទេ។​ តែ​យើង​មើល​ថា​ ពីលទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គេ​ធ្វើ​យុទ្ធនាការ​ទៅ​ថា គេ​ត្រូវ​តែ​ប្តូរ​នាយក​រដ្ឋមន្ត្រី ​តែ​នាយក​រដ្ឋមន្ត្រី​នៅ​តែ​ទទួល​បាន​ការគាំទ្រ​ត​ទៅ​ទៀត»។​

លោក​បន្តថា​ សេដ្ឋកិច្ច​មាន​កំណើន​៧​ភាគរយ​នៃ​ផលិផល​សរុប ​ការ​កាត់​បន្ថយ​ ភាព​ក្រីក្រ​មាន​ប្រសិទ្ធិ​ភាព​ច្រើន​ ហើយ​បញ្ហា​យុត្តិធម៌​ក្នុង​សង្គម​និង​បញ្ហា​ ប្រជាធិប​តេយ្យ​ជា​បញ្ហា​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ កំណែ​ទម្រង់​ស៊ី​ជម្រៅ។​

លោក​ឈាង វុន ​ប្រធាន​គណៈ​កម្មការ​ការ​បរទេស​សភា​មក​ពី​គណបក្ស​ប្រជា ជន​កម្ពុជា​ បាន​និយាយ​ការពារ​រដ្ឋាភិបាល​ ហើយ​អះអាង​ថា​ កម្ពុជា​នៅតែ​ដើរ​តាម​ផ្លូវ​ត្រឹមត្រូវ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។​

«ខ្ញុំអត់​យល់​ផង ​អត់មាន​អីខុស។ ​មានអី​ខុស​ឥឡូវ?​ បើដំណើរ​របស់​យើង​ខុស​បាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​លែង​គាំទ្រ​ហើយ។​ បើប្រជា​ពលរដ្ឋ​នៅ​តែ​គាំទ្រ​ បាន​ន័យ​ថា ​យើង​នៅតែ​ទៅ​មុខ​អញ្ចឹង​ហើយ»។​

តែលោក​សុន ឆ័យ​ មន្ត្រីជាន់​ខ្ពស់ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ​បាន​បង្ហាញ​ ជំហរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ស្ទង់​មតិ​របស់​អង្គការ​ IRI។​ លោក​បាន​អះអាង​ ថា​ លោក​មិន​ដឹង​ថា​ មាន​សំណួរ​យ៉ាង​ម៉េច​ខ្លះទេ។​

«ព្រឹកមិញ​មាន​ការ​បញ្ជាក់​ថា ​មាន​ការ​ចុះថយ​ពី​រឿង​ថា ​ដើរ​ផ្លូវ​ត្រូវ​ហ្នឹង។ ​ដូច្នេះ​ខ្ញុំ យល់​ថា​ វា​សំខាន់។​ តើ​ប្រជាពលរដ្ឋ​យល់ពី​សំណួរ​នេះ​ចង់​និយាយ​អំពី​អី»។

លោក​ថ្លែង​ថា ​ការ​បកស្រាយ​កន្លងមក​មាន​ការ​យល់ច្រឡំ​ច្រើន​ចំពោះ​សំណួរ​ដែល​អង្គការ​ IRI ​បាន​ធ្វើនោះ។​

IRI ​បញ្ជាក់​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ អ្នក​បោះឆ្នោត​មាន​ជំនឿ​លើ​គណបក្ស ​កាន់​អំណាច​ក្នុង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ ការអប់រំ ​ការ​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​ និង​ថ្នាំញៀន​ ព្រម​ទាំង​ការពារ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ ប៉ុន្តែពួក​គេ​ជឿជាក់​លើ​ គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ការ​ពារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ការពារ​ សិទ្ធិ​មនុស្ស​ និង​ការពារ​សិទ្ធិកម្មករ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ឡើង​ដល់​៥៦​ភាគ​រយ៕
XS
SM
MD
LG