ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះជាតិ​ផ្អាក​ការ​ជួបជុំ​នៅ​ស្រុក​ស្អាង​ដោយ​មាន​ការ​រំខាន


អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់អំណាច​នៅច្របូល​ច្របល់គ្នា​ក្នុង​វត្ត​​​កេតុឧត្តម ខេត្តកណ្តាល។​
អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់អំណាច​នៅច្របូល​ច្របល់គ្នា​ក្នុង​វត្ត​​​កេតុឧត្តម ខេត្តកណ្តាល។​
កង​កម្លាំង​ប្រដាប់​អាវុធជាច្រើន​រយ​នាក់រួមជា​មួយ​នឹង​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាបាន​រំខាន​ដល់​ការ​ជួប​ប្រជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្តាល។

​ស្រុក​ស្អាងមាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​លើស​លុបបើ​ធៀប​ទៅ​នឹង​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ការ​រំខាន​នេះ​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​លុប​ចោល​កិច្ច​ប្រជុំ​ជា​មួយ​សកម្មជន​របស់​ខ្លួន​ភ្លាមៗ។

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​កា​ររំខាន​នោះ​ថា​ជា​ការ​បង្ក​ហេតុ៖ «គម្រោង​ពី​អ្នក​កាន់​អំណាច​ ក្រុម​អ្នក​កាន់​អំណាច​គឺ​ចង់​បង្ក​រឿង​ឈាន​ដល់​អំពើ​ហិង្សា​មក​លើ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​គេ​បានរៀប​ចំ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​រូប​ខ្ញុំនិង​លោក​កឹម សុខា ចូល​ក្នុង​អន្ទាក់​នេះ»។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី ​និង​លោក​កឹម ​សុខា​ គ្រោង​នឹងធ្វើ​ពិធី​សំណេះ​សំណាល​មួយ​ជាមួយ​សកម្ម​ជន​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​ទួល​ក្តី ​ឃុំត្រើយ​ស្លា ​ស្រុក​ស្អាង​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូ​ម៉ែត្រ ​ភាគ​ខាងត្បូង​រាជ​ធានី​ភ្នំពេញ។

មនុស្ស​ប្រមាណ​ជា១.០០០​នាក់​បាន​មក​ជួប​ជុំមុន​នឹង​កិច្ច​ប្រជុំ​បើក​ទ្វារ។ ​ប៉ុន្តែ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ប៉ូលិស​និង​កង​រាជអាវុធ​ហត្ថជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​ខែល ​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​តាម​កន្លែង​ជាច្រើន​ចាប់​តាំង​ពី​នៅ​តាម​ផ្លូវ​ និង​នៅ​ក្នុង​វត្ត​កេតុឧត្តម ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​កន្លែង​នៃ​កិច្ច​ជំនុំ។

មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​ភាគ​ច្រើន​លើស​លុប​គឺជា​បុរស​ យុវជន​វ័យ​កណ្តាល​និង​មនុស្ស​វ័យ​ចំណាស់​បាន​ស្ថិត​ក្នុង​ចំណោម​ក្រុម​សមត្ថកិច្ច​ខាង​លើ​នេះ។

ប្រជាពលរដ្ឋ​ទាំងនេះ​ត្រូវ​គេ​អះអាង​ថា ​គឺជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។​ ពួកគេ​បាន​ពង្រាយ​គ្នា​ក្នុង​វត្តជាមួយ​ក្រុម​ប្រដាប់​អាវុធ ​និង​នៅ​ក្នុង​សាលារៀន​ប៊ុន ​រ៉ានី ​ហ៊ុន សែន​ កេតុឧត្តម​ ដែល​នៅ​ជាប់​ព្រំ​គ្នា​ជា​មួយ​វត្ត​កេតុឧត្តម។​

ដោយ​ភ័យ​ខ្លាច​មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លុប​ចោល​កិច្ច​ប្រជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន។

លោកកឹម សុខា ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាមួយ​លោកសម រង្ស៊ី ​ក្នុង​ក្រុង​ភ្នំពេញ​ថា ការ​រំខាន​នេះ​កើតឡើង​ក្រោយ​ពី​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។

លោក​ហ៊ុន ​សែន បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ចេញ​មុខ​ការពារ​គណបក្ស​ខ្លួនកាល​ពី​ថ្ងៃ​អាទិត្យ។

លោក​កឹម សុខា​ថ្លែង​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​វេទិកា​រាប់​រយ​រាប់​ពាន់​កន្លែង​ហើយ​អត់​ដែល​មាន​បញ្ហា​ទេ។​ តើ​បញ្ហា​នេះ​កើត​ដោយ​សារ​អី។​ គឺ​ក្រោយ​ពី​លោក​ហ៊ុន សែន ញុះ​ញង់​តាម​ទូរទស្សន៍។ ដូច្នេះ​ហើយ​បាន​ជា​សកម្ម​ជន​គណបក្ស​ប្រជាជន​ចេញ​មក​ធ្វើ​បែបហ្នឹង»។​

ខេត្តកណ្តាល​គឺ​ជា​ខេត្ត​ឈរ​ឈ្មោះ​តំណាងរាស្ដ្រ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​សម្រាប់​កូតា​គណបក្ស​ប្រជាជន​កម្ពុជា។ ខេត្ត​នេះ​មាន​កៅ​អី​តំណាង​រាស្រ្ត​ចំនួន​១១​អាសនៈ។ ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​បាន​៧​អាសនៈ​ រីឯ​គណបក្សប្រជាជន​កម្ពុជា​ឈ្នះ​បាន​៤​អាសនៈ។

លោកអេង ឆៃអ៊ាង ​តំណាងរាស្ដ្រ​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ជំទាស់​ប្រចាំ​ខេត្តកណ្តាលឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ចិត្ត​ផ្អាក​កិច្ចប្រជុំ​ជាមួយ​សកម្មជន​មូលដ្ឋាន​ដើម្បី​បញ្ចៀស​បាតុភាព​ហិង្សា​ណាមួយ​ជា​យថាហេតុ។

«ដោយ​សារ​គេ​បញ្ចូល​មនុស្ស​បង្កប់​ដែល​ភាគ​ច្រើន​យើង​ដឹង​ថា​ជា​អង្គរក្ស​របស់​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​ដែល​គេ​បញ្ចូល​ជាមួយ​ប្រជាពលរដ្ឋ​រាប់រយ​នាក់។ ​បើ​អញ្ចឹង​យើង​ប្រជុំ​អាច​ផ្ទុះ​អ្វី​មួយ។​ ដូច្នេះ​យើង​សម្រេច​លើក​ពេល​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ផ្ទះ​វិញ។ ហើយ​កម្លាំង​នេះ​ត្រូវ​បញ្ជូន​មក​តាំង​ពី​ម្សិល​មិញ​និង​បញ្ជូន​មក​ព្រឹកមិញ​ទៀត»។​

លោក​ជាម យៀប ​តំណាងរាស្រ្ត​និង​ជា​មន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​មិនអាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ដោយ​ឡែក​លោក​ឧត្តមសេនីយ៍​ ខៀវ ​សុភ័គ ​និង​លោក​ឧត្តមសេនីយ៍​ គៀត ​ចន្ថារិទ្ធ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មិន​លើក​ទូរស័ព្ទ​ឡើយ​ខណៈ​ដែល​ស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល​លោក​ អ៊ាវ ​ចំរើន បិទ​ទូរ​ស័ព្ទ៕
XS
SM
MD
LG