កាលពីថ្ងៃអង្គារ ក្រុមទាហានរដ្ឋាភិបាលអ៊ីរ៉ាក់បានឈានទៅកាន់ផ្នែកកណ្តាលនៃទីក្រុង Ramadi នៅក្នុងការជម្រុលខ្លាំងមួយ ដើម្បីវាយយកក្រុងនេះមកវិញក្រោយបាត់បង់ទៅក្នុងកណ្តាប់ដៃក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមកាលពី៧ខែកន្លងទៅនេះ។
លោក Sabah al-Numani អ្នកនាំពាក្យនៃសេវាកម្មប្រឆាំងនឹងភេរវកម្មនៃប្រទេសអ៊ីរ៉ាក់បាននិយាយថា ការប្រយុទ្ធគ្នាបានកើតមានឡើងនៅក្នុងសង្កាត់នៅជុំវិញអគារមួយរបស់រដ្ឋាភិបាលមានកំផែងព័ទ្ធជុំវិញដោយមានការគាំទ្រពីកងទ័ពអាកាស។
ក្រុមទាហានរដ្ឋាភិបាលអ៊ីរ៉ាក់បានសម្អាតគ្រាប់មីននៅតាមដងផ្លូវនៅពេលពួកគេខិតខំព្យាយាមជម្រុលទៅមុខ។
លោក Numani បាននិយាយប្រាប់ទីភ្នាក់ងាររសារព័ត៌មានបារាំងថា កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់នឹងវាយយកបានទីក្រុងនេះក្នុងរយៈពេល៧២ម៉ោងទៀត។
កងយន្តហោះចម្បាំងនៃក្រុមចម្រុះដឹកនាំដោយស.រ.អា.បានធ្វើការវាយប្រហារលើគោលដៅក្រុមរដ្ឋឥស្លាមនៅជាយក្រុងនេះ។
លោកវរសេនីយ៍ឯក Steve Warren នៃកងទ័ពជើងគោកស.រ.អា.និងជាអ្នកនាំពាក្យនៃក្រុមយោធាស.រ.អា.បាននិយាយថា ការវាយប្រហារទាំងនោះនៅតែបង្ហាញដល់ក្រុមរដ្ឋឥស្លាមថា ពួកវាគ្មានកន្លែងលាក់ខ្លួនទេ។
ការបាត់បង់ទីក្រុង Ramadi កាលពីខែឧសភាជាដំណើរថយក្រោយធំមួយសម្រាប់រដ្ឋាភិបាលនិងកងទ័ពអ៊ីរ៉ាក់។ កិច្ចខិតខំប្រឹងប្រែងដើម្បីវាយយកក្រុងនេះមកវិញ ដែលស្ថិតនៅចម្ងាយ១០០គ.ម. ភាគខាងលិចរដ្ឋធានី Baghdad បានធ្វើឡើងច្រើនខែមកហើយដោយមានការប្រយុទ្ធគ្នានៅជាយក្រុងនិងការកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់ក្រុមជនសកម្មប្រយុទ្ធចូលទៅក្នុងក្រុងនេះផងដែរ៕