ប៉ូលិសចក្រភពអង់គ្លេសបានចោទប្រកាន់បុរសអាយុ១៨ឆ្នាំម្នាក់ពីការប៉ុនប៉ងធ្វើឃាតបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅរទេះភ្លើងក្រោមដីក្នុងទីក្រុងឡុងដ៍កាលពីសប្តាហ៍មុនដែលបានធ្វើឲ្យមនុស្ស២០នាក់រងរបួស។
បុរសដែលមានឈ្មោះ Ahmed Hassan ដែលគេរាយការណ៍ថាមកពីប្រទេសអ៊ីរ៉ាក់ បានត្រូវចាប់ខ្លួននៅកំពង់ផែ Dover ដែលជាចំណុចចេញដំណើរដ៏មានប្រជាប្រិយភាពមួយសម្រាប់សាឡាងទៅកាន់ប្រទេសបារាំង។ ជននោះក៏រងការចោទប្រកាន់ពីប្រើប្រាស់គ្រឿងផ្ទុះដែរ នេះបើតាមការបញ្ជាក់របស់ប៉ូលិស។
បន្ទាប់ពីការចាប់ខ្លួន Hassan មក ប៉ូលិសបានឆែកឆេរផ្ទះមួយកន្លែងនៅជាយក្រុងរបស់ប្តីប្រពន្ធមួយគូដែលចិញ្ចឹមកូនក្មេងភៀសខ្លួនដែលនៅទីនោះជននោះបានរស់នៅ។ ផ្ទះនោះជាផ្ទះមួយនៃផ្ទះជាច្រើនដែលត្រូវបានប៉ូលិសឆែកឆេរ។
ការចោទប្រកាន់ Hassan បានត្រូវប្រកាសបន្ទាប់ពីប៉ូលិសបានដោះលែងមនុស្ស២នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួននៅក្នុងការទាក់ទិននឹងការបំផ្ទុះគ្រាប់បែកនេះ។
បុរសអាយុ២១ឆ្នាំម្នាក់បានត្រូវចាប់ខ្លួននៅក្រុង Hounslow ខាងលិចក្រុងឡុងដ៍នៅថ្ងៃសៅរ៍ ហើយបុរសអាយុ៤៨ឆ្នាំម្នាក់ទៀតបានត្រូវចាប់ខ្លួននៅទីក្រុង Newport នៃរដ្ឋ Wales ភាគខាងត្បូងកាលពីថ្ងៃពុធ អ្នកទាំង២បានត្រូវដោះលែងវិញហើយ។ បុរស៤នាក់ផ្សេងទៀតរួមមាន Hassan ផងបានស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស។ មនុស្ស៣០នាក់បានរងរបួសនៅពេលដែលនៅពេលដែលគ្រាប់បែកដែលធ្វើនៅក្នុងស្រុកដែលគេដាក់នៅខាងក្នុងធុងរុំនៅក្នុងស្បោង បានត្រូវចុចបំផ្ទុះនៅលើរទេះភ្លើងដែលឈប់នៅស្ថានីយ Parsons Green ក្នុងទីក្រុងឡុងដ៍ក្នុងអំឡុងម៉ោងដ៏មមាញឹកកាលពីថ្ងៃទី១៥ ខែកញ្ញា៕