មានមនុស្សយ៉ាងណាស់១៨នាក់បានត្រូវរបួស ដោយជាច្រើននាក់បានរលាក នៅក្រោយមានការផ្ទុះមួយកាលពីព្រឹកថ្ងៃសុក្រនេះ នៅក្នុងរទេះភ្លើងមួយខ្សែមានមនុស្សជិះពេញនៅក្នុងក្រុងឡុងដ៍។ ពួកប៉ូលិសបានចាត់ទុកថាជាឧប្បត្តិហេតុភេរវកម្មមួយ។
ពួកប៉ូលិសប្រដាប់អាវុធបានចុះទៅក្នុងស្ថានីយ៍រទេះភ្លើងក្រោមដី Parsons Green នៅក្រោយពួកអ្នកដំណើររាយការណ៍ថា មានការផ្ទុះមួយនិងមានភ្លើងឆេះផងដែរ។ ពួកប៉ូលិសក្រុងឡុងដ៍ បាននិយាយថាគ្រឿងផ្ទុះកែច្នៃមួយជាប្រភពនៃអគ្គីភ័យនោះ។ ពួកប៉ូលិសនិយាយថា ការស៊ើបអង្កេតរបស់ពួកគេបានត្រូវជួយគាំទ្រដោយទីភ្នាក់ងារ MI-5 ដែលជាទីភ្នាក់ងារខាងការស៊ើបការសម្ងាត់ក្នុងប្រទេស។
លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Boris Johson បានអំពាវនាវឱ្យមានការស្ងប់ស្ងៀមហើយលោកបាននិយាយថា ជាការសំខាន់មិនត្រូវនិយាយស្មានៗនោះទេ។ លោក Sadiq khan អភិបាលក្រុងឡុងដ៍ បាននិយាយថា រាជធានីនៃប្រទេសអង់គ្លេសនឹងមិនត្រូវបំភិតបំភ័យឬទទួលបរាជ័យដោយសារភេរវកម្មទេ។
ពួកអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានពណ៌នាភាពជ្រួលច្របល់ឆោឡោ។
លោក Chris Wildish ដែលជាអ្នកដំណើរម្នាក់នៅក្នុងរទេះភ្លើងនេះ បាននិយាយថា មានអណ្តាតភ្លើងខ្លាំងមួយទៅដល់ដំបូលរទេះភ្លើងហើយមានក្លិនសារធាតុគីមីផងដែរ។ លោកបានថ្លែងថាមានសិស្សសាលាមួយចំនួនឋិតនៅក្នុងរទេះភ្លើងនេះនៅពេលដែលមនុស្សធ្វើដំណើរច្រើន ហើយក្មេងៗទាំងនេះបានដួលនៅពេលពួកអ្នកដំណើរឆោឡោរត់ចេញពីរទេះភ្លើងនេះ៕