ប៉ូលិសចក្រភពអង់គ្លេសប្រដាប់ដោយកាំភ្លើងបានឆែកឆេរផ្ទះមួយកន្លែងនៅខាងក្រៅទីក្រុងឡុងដ៍ ហើយបានជម្លៀសមនុស្សនៅតំបន់ជុំវិញនោះដែលជាការប្រុងប្រយ័ត្នជាមុនបន្ទាប់ពីការចាប់ខ្លួនមនុស្សកាលពីពេលព្រឹកដែលជាប់ពាក់ព័ន្ធការវាយប្រហារគ្រាប់បែកនៅម៉ោងមមាញឹកនៅលើរទេះភ្លើងរត់ក្រោមដី។
ការឆែកឆេរនិងការជម្លៀសមនុស្សបានកើតមានឡើងនៅក្នុងទីក្រុង Sunbury ដែលស្ថិតនៅភាគនិរតីជាយក្រុងឡុងដ៍។
ពួកអាជ្ញាធរបាននិយាយថា បុរសអាយុ១៨ឆ្នាំម្នាក់បានត្រូវចាប់ខ្លួននៅក្នុងតំបន់កំពង់ផែ Dover ដែលជាកំពង់ផែសាឡាងដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររវាងប្រទេសអង់គ្លេសនិងបារាំង។
កាលពីព្រឹកថ្ងៃសៅរ៍ ពួកអាជ្ញាធរដឹកជញ្ជូនក្រុងឡុងដ៍បាននិយាយថា ពួកគេបានបើកស្ថានីយរទេះភ្លើងក្រោមដី Parsons Green ឡើងវិញដែលនៅទីនោះគ្រាប់បែកបានត្រូវគេចុចបំផ្ទុះនៅលើរទេះភ្លើង។
រូបភាពរបស់គ្រាប់បែកនោះបានត្រូវគេចុះផ្សាយនៅលើបណ្តាញព័ត៌មានសង្គមដែលបង្ហាញធុងមួយដែលបានត្រូវគេដាក់នៅខាងក្នុងស្បោងផ្លាស្ទិកនៅជិតទ្វារទូររទេះភ្លើង។
លោកស្រីនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Theresa May បានមានប្រសាសន៍បន្ទាប់ពីការវាយប្រហារថា មជ្ឈមណ្ឌលវិភាគការវាយប្រហារភេរវកម្មរួមគ្នារបស់អង់គ្លេសបានសម្រេចបង្កើនកម្រិតនៃការគំរាមកំហែងដល់កម្រិតធ្ងន់ធ្ង មានន័យថា ការវាយប្រហារបន្ថែមទៀតអាចមានកាន់តែខ្លាំងឡើង។
លោក Cressida Dick ស្នងការប៉ូលិសក្រុងឡុងដ៍បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា កម្រិតនៃការគំរាមកំហែងត្រូវបានផ្លាស់ប្តូរ៕