លោក Barham Saleh ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់បានសន្យានឹងធ្វើការបោះឆ្នោតមុនពេលកំណត់ឲ្យបានឆាប់រហ័សដើម្បីជ្រើសរើសបេក្ខជនមួយដែលអាចទទួលយកបាន ដើម្បីជំនួសនាយករដ្ឋមន្រ្តី Adel Abdel Mahdi។
ក៏ប៉ុន្តែការសន្យារបស់ប្រធានាធិបតី Saleh កាលពីថ្ងៃព្រហស្បត៍ ដូចជាមានន័យបន្តិចបន្តួចសម្រាប់ពួកបាតុករដែលការតវ៉ាប្រឆាំងជារៀងរាល់ថ្ងៃ ហើយបានក្លាយជាអំពើហិង្សា។ មនុស្សជាង២៥០នាក់បានស្លាប់ ហើយរាប់ពាន់នាក់ទៀតបានរងរបួសនៅក្នុងការតវ៉ាប្រឆាំង២ដាច់ដោយឡែកពីគ្នាកាលពីខែតុលា កន្លងមកនេះ។
ប្រធានាធិបតី Saleh និយាយនៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ថា៖ «លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវឆន្ទៈដាក់ពាក្យសុំចុះចេញពីដំណែង ហើយបានសុំឲ្យគណបក្សនយោបាយនានាធ្វើកិច្ចព្រមព្រៀងដែលអាចទទួលយកបាន»។
លោកប្រធានាធិបតីបាននិយាយទៀតថា នាយករដ្ឋមន្រ្តីថ្មីអាចត្រូវបានជ្រើសរើសនៅក្រោមច្បាប់បោះឆ្នោតថ្មីដែលលោកនិយាយថា ដើម្បីបញ្ចៀសវិបត្តិរដ្ឋធម្មនុញ្ញ។លោកនិយាយថា ការគ្រប់គ្រងតាមផ្លូវច្បាប់មិនមែនកើតចេញតាមរយៈពលរដ្ឋតែប៉ុណ្ណោះទេ។
ក៏ប៉ុន្តែបាតុករខ្លះនិយាយថា កំហឹងរបស់ពួកគេមានហួសពីនាយករដ្ឋមន្រ្តីទៀត។ពួកគេនិយាយទៀតថា រដ្ឋាភិបាលទាំងមូលត្រូវតែចុះចេញពីអំណាច។
លោកប្រធានាធិបតី Saleh និយាយថា គណបក្សខុសច្បាប់ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់និងរងរបួស ហើយបាននិយាយថា អាវុធទាំងអស់ត្រូវតែស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋ។
ពួកនិស្សិតនិងពលរដ្ឋផ្សេងទៀត មិនបានបង្ហាញសញ្ញានៃការថមថយនៃការតវ៉ាប្រ ឆាំងរបស់ខ្លួនដែលបាននៅពាសពេញកណ្តាលក្រុងបាដាកនិងទីក្រុងផ្សេងៗទៀតទេ៕