កងកម្លាំងរបស់អាមេរិកត្រូវបានដកចេញពីមូលដ្ឋានដ៏ធំបំផុតនៅប៉ែកខាងជើងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសរបស់អាមេរិកថ្លែងថា រាល់កងកម្លាំងរបស់អាមេរិកទាំងអស់ដែលចាកចេញពីប្រទេសស៊ីរីនឹងត្រូវបញ្ជូនទៅកាន់ប៉ែកខាងលិចប្រទេសអ៊ីរ៉ាក់និងបន្តធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាមនៅក្នុងតំបន់នោះ។
លោក Esper ថ្លែងថា កងកម្លាំងរបស់អាមេរិកជាង៧០០នាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ ហើយនឹងមិនត្រឡប់មកអាមេរិកក្នុងពេលឆាប់ៗនេះនោះទេ ខណៈដែលលោកប្រធានាធិបតីអាមេរិកបានលើកឡើងកាលពីមុននេះថា ពួកគេនឹងត្រូវបញ្ជូនមកអាមេរិកវិញ។
ថ្នាក់ដឹកនាំកំពូលនៃក្រសួងការពារប្រទេសរបស់អាមេរិករូបនេះមិនបានបដិសេធនឹងលទ្ធភាពនៃការធ្វើការវាយឆ្មក់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មពីប្រទេសអ៊ីរ៉ាក់ចូលទៅក្នុងប្រទេសស៊ីរីនោះទេ។ ប៉ុន្តែលោកបានថ្លែងថា នឹងមានផែនការជាបន្ដបន្ទាប់ ហើយក៏នឹងមានការពិភាក្សាជាមួយនឹងក្រុមសម្ព័ន្ធមិត្តនៅឯកិច្ចប្រជុំអង្គការអូតង់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។ លោកបាននិយាយទៀតថា ប្រសិនបើកងកម្លាំងរបស់អាមេរិកត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញ ពួកគេនឹងត្រូវបានការពារដោយយន្ដហោះចម្បាំងរបស់អាមេរិក។
បច្ចុប្បន្ននេះ អាមេរិកមានកងកម្លាំងប្រមាណ៥ពាន់នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុង បាដាដ និងរដ្ឋាភិបាកក្រុង វ៉ាស៊ីនតោន។ អាមេរិកបានដកកងកម្លាំងចេញនៅឆ្នាំ២០១១ នៅពេលដែលប្រតិបត្តិការប្រយុទ្ធនៅទីនោះបានបញ្ចប់ ប៉ុន្តែបានត្រឡប់ទៅវិញក្នុងរយៈពេលបីឆ្នាំក្រោយ នៅពេលដែលក្រុមរដ្ឋឥស្លាមកាន់កាប់បានតំបន់មួយចំនួនធំនៅក្នុងប្រទេស មុនពេលដែលបាត់បង់ដែនដីមួយចំនួនទៅវិញ៕