លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានស្នើលុបចោលតំណែងអនុប្រធានាធិបតី និងឧបនាយករដ្ឋមន្ត្រី ជាផ្នែកមួយនៃកំណែទម្រង់មួយចំនួនដើម្បីកាត់បន្ថយអំពើពុករលួយ និងកែលម្អរដ្ឋាភិបាល។
លោក Abadi បានប្រកាសអំពីសំណើរទាំងនេះនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីមានបាតុកម្មច្រើនសប្តាហ៍មកប្រឆាំងនឹងការចាត់ចែងកិច្ចការមិនល្អ និងការខ្វះខាតសេវាកម្មដោយមានរួមបញ្ចូលទាំងការផ្តល់ភ្លើងអគ្គិសនីមិនទៀងទាត់ផងដែរ។
ផែនការនេះអំពាវនាវឲ្យមានការលុបចោលតំណែងអនុប្រធានាធិបតីបីនៃប្រទេសអ៊ីរ៉ាក់ ដែលមានរួមបញ្ចូលទាំងតំណែងលោក Nouri al-Maliki អ្នកកាន់តំណែងមុនលោក Abadi ផងដែរ។ ផែនការនេះក៏បញ្ឈប់លែងឲ្យមានកូតា សម្រាប់ជ្រើសរើសក្រុមមន្ត្រី និងកាត់បន្ថយចំនួនអង្គរក្សផ្ទាល់ខ្លួនរបស់ក្រុមមន្ត្រីទៀតផង។
សភានៃប្រទេសអ៊ីរ៉ាក់ត្រូវអនុម័តវិធានការទាំងនេះសិន។ គណៈរដ្ឋមន្ត្រីបានយល់ព្រមដល់សំណើរទាំងនេះនៅថ្ងៃអាទិត្យ៕