ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​អ៊ីរ៉ាក់​ប្រកាស​វាយលុក​យក​ខេត្ត ​Anbar​ ពី​ក្រុម​រដ្ឋ​អ៊ីស្លាមមកវិញ


កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់និង​ជន​សកម្មប្រយុទ្ធ ​Shiite​ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ បាន​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​រ៉ុកកែតប្រឆាំង​នឹ​ងក្រុម​រដ្ឋអ៊ីស្លាមដែល​បោះ​ទីតាំង​ក្នុង​តំបន់​ Saqlawiyah នៅ​ជិត​ទីក្រុង​ Fallujah ប្រទេស​អ៊ីរ៉ាក់ កាលពីថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ២០១៥។

អាជ្ញាធរ​អ៊ីរ៉ាក់ ​កាលពីថ្ងៃ​ចន្ទ បាន​ប្រកាស​ការ​ចាប់ផ្តើម​ការ​វាយ​លុក​មួយ​ដើម្បី​វាយ​យក​មក​វិញ​នូវ​ខេត្ត ​Anbar ​នៅ​ប៉ែក​ខាង​លិច​ប្រទេស​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធរដ្ឋអ៊ីស្លាម​ដែល​បាន​ត្រួតត្រា​តំបន់​ធំធេង​នៃ​ខេត្ត​នេះ​ ដោយ​មាន​រួម​បញ្ចូល​ក្រុង Ramadi ​និង​ក្រុង​ ​Fallujah​ ផងដែរ។

សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​បាន​និយាយ​ថា​ កិច្ចប្រតិបត្តិការ​នេះ​មានរួម​បញ្ចូល​ក្រុម​ទាហាន​រដ្ឋាភិបាល​និង​ក្រុម​យុទ្ធជន​ Shi'ite ​និង​ Sunni ផងដែរ។​

រដ្ឋាភិបាល​នៃប្រទេស​អ៊ីរ៉ាក់​បាន​យក​ខេត្ត ​Anbar​ ជា​អាទិភាព​មួយ​ចាប់​តាំង​ពីពេល​ដែល​ពួក​រដ្ឋ​អ៊ីស្លាម​បាន​វាយ​យក​បាន​ក្រុង​ Ramadi​ នៅ​ក្នុង​ការ​វាយ​លុក​មួយ​កាល​ពី​ខែ​ឧសភា​ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ដល់​ពួក​យោធា​រដ្ឋាភិបាល​និង​ការ​តបត​របស់​ពួក​គេ​ទៅ​លើពួក​ជន​សកម្មប្រយុទ្ធទាំងនេះ។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​ បេសកកម្ម​ជំនួយ​របស់​អ.ស.ប.​ដល់​ប្រទេស​អ៊ីរ៉ាក់​និង​ទីភ្នាក់ងារ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជនភៀស​ខ្លួន ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃចន្ទ​ ដែល​និយាយ​ថា​ មាន​ជន​ស៊ីវិល​អ៊ីរ៉ាក់​១ម៉ឺន​៥ពាន់នាក់​បាន​ត្រូវ​សម្លាប់​និង​៣ម៉ឺន​នាក់​ទៀត​បាន​ត្រូវ​របួស​ចាប់តាំង​ពី​ខែ​មករា​ ឆ្នាំ២០១៤​ មក។​

សេចក្តី​រាយការណ៍​នេះ​បាន​និយាយ​ថា ​ក្រុម​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​កាន់​កាប់​ដោយ​ពួក​រដ្ឋអ៊ីស្លាម​ ប្រឈម​មុខ​នឹង​ស្ថានការណ៍​ធ្ងន់ធ្ងរ។ ​របាយ​ការណ៍​នេះ​បាន​បញ្ជាក់​ថា៖ «ក្រុមជន​ស៊ីវិល​នៅ​តែ​ទទួល​រង​ការ​សម្លាប់​តទៅ​ទៀត​ ជួនកាល​ពួក​គេត្រូវ​បាន​ធ្វើឃាត​ក្នុង​ទិដ្ឋភាព​ដ៏​សែន​សោកសៅ​ជាសាធារណៈ»៕

XS
SM
MD
LG