កងកម្លាំងរបស់ក្រុមឃើដ (Kurde) នៅក្នុងប្រទេសអ៊ីរ៉ាក់ កំពុងស៊ើបអង្កេតអំពីការវាយប្រហារដោយអាវុធគីមីពីរលើកដោយពួករដ្ឋអ៊ីស្លាម។
ការចោទប្រកាន់អំពីការវាយប្រហាដោយអាវុធគីមីទាំងនេះ កើតទ្បើងក្រោយមានការអះអាងស្រដៀងគ្នាដោយក្រុមមន្ត្រីឃើដ (Kurde) ដែលបាននិយាយថា ពួកជនសកម្មប្រយុទ្ធទាំងនេះបានប្រើប្រាស់ឧស្ម័នក្លូរីន (chlorine) ប្រឆាំងនឹងកងកម្លាំង Peshmerga។
លោកឧត្តមសេនីយ៍ Aziz Wesi មេដឹកនាំពួកជីវពលឃើដ (Kurde) បាននិយាយប្រាប់ក្រុមអ្នកកាសែតថា ការវាយប្រហារមួយក្នុងបណ្តាការវាយប្រហារទាំងនេះបានកើតមានទ្បើងកាលពីចុងខែធ្នូ នៅជិតតំបន់ Sinjar ហើយការវាយប្រហារពីរទៀតបានកើតមានទ្បើងនៅខាងលិចក្រុង Mosul កាលពីចុងខែមករា។
ក្រុមប្រឹក្សាសន្តិសុខតំបន់ Kurdistan បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការធ្វើវិភាគក្នុងមន្ទីរពិសោធន៍មួយបានរកឃើញសារធាតុក្លូរីន (chlorine) នៅក្នុងសំណាកមកពីកន្លែងនៃការបំផ្ទុះគ្រាប់បែកមួយនៅចន្លោះក្រុង Mosul កាន់កាប់ដោយពួករដ្ឋអ៊ីស្លាម និងនៅព្រំដែននៃប្រទេសស៊ីរី។
ពួកឃើដ (Kurde) បាននិយាយថា មន្ទីរពិសោធន៍នេះឋិតនៅក្នុងប្រទេសជាតិមួយដែលជាដៃគូនៅក្នុងក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលប្រយុទ្ធប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម។ ក៏ប៉ុន្តែ គេមិនបាននិយាយប្រាប់ឈ្មោះប្រទេសនោះឬឈ្មោះមន្ទីរពិសោធន៍នោះទេ៕