ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ទម្លាក់​អាវុធ និង​ឧបករណ៍​ពេទ្យ​ឲ្យ​អ្នក​ប្រយុទ្ធ Kurd ​នៅ​ក្រុង Kobani


លោក​​ឧត្តម​សេនីយ Lloyd Austin នៃ​ទី​បញ្ជាការ​កណ្តាល​របស់​ស.រ.អា ថ្លែង​នៅ​ថ្ងៃសុក្រ​ទី១៧ ខែតុលា​នេះ​ថា ការ​ទម្លាក់​គ្រាប់​បែក​នៅ​​ស៊ីរី និង​​អ៊ីរ៉ាក់ ធ្វើឡើង​ក្នុង​គោល​ដៅ​បន្ថយ​កម្លាំង​បញ្ជាការ​ និង​ការ​ក្តោប​ក្តាប់​របស់​ពួក IS និង​ការ​រស់​រាន​មាន​ជីវិត​ជា​បន្ត​ទៅ​អនាគត។
លោក​​ឧត្តម​សេនីយ Lloyd Austin នៃ​ទី​បញ្ជាការ​កណ្តាល​របស់​ស.រ.អា ថ្លែង​នៅ​ថ្ងៃសុក្រ​ទី១៧ ខែតុលា​នេះ​ថា ការ​ទម្លាក់​គ្រាប់​បែក​នៅ​​ស៊ីរី និង​​អ៊ីរ៉ាក់ ធ្វើឡើង​ក្នុង​គោល​ដៅ​បន្ថយ​កម្លាំង​បញ្ជាការ​ និង​ការ​ក្តោប​ក្តាប់​របស់​ពួក IS និង​ការ​រស់​រាន​មាន​ជីវិត​ជា​បន្ត​ទៅ​អនាគត។

យោធា​ស.រ.អា​ និយាយ​ថា ​ខ្លួន​បាន​ទម្លាក់​អាវុធ គ្រាប់​កាំ​ភ្លើង និង​ឧបករណ៍​ពេទ្យ ​តាម​យន្តហោះ​ឲ្យ​ពួក​ Kurds ​ដែល​ការពារ​ទីក្រុង​ Kobani នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី កុំ​ឲ្យ​ធ្លាក់​ចូល​កណ្តាប់​ដៃ​របស់​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។ ការ​ណ៍​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ទាក់​ទង​រវា​ង​អាមេរិក និងប្រទេស​ទួរគី។ បេសកកម្មផ្តល់​ឧបករណ៍ជា​លើក​ទីមួយ​របស់​ខ្លួន​នេះ ធ្វើ​ឡើង​គ្រា​ដែល​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា John Kerry ​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Jakarta ដើម្បី​ព្យាយាម​បញ្ចុះ​បញ្ចូល​ក្រុម​មេ​ដឹកនាំ​អាស៊ី​អាគ្នេយ៍ ឲ្យ​ចូល​រួម​ក្នុង​អ្វី​ដែល​មន្ត្រី​ស.រ.អា ​ម្នាក់ បាន​ហៅ​ថា ជា​កិច្ច​ប្រឹង​ប្រែង​ទូ​ទាំង​ពិភពលោក​មួយ ដើម្បី​កំចាត់​អំពើ​និយម​ជ្រុល​ដ៏​ហិង្សា​នោះ។

ទី​បញ្ជាការ​យោធា​កណ្តាលរបស់​ស.រ.អា និយាយ​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន C-130 របស់​ខ្លួន​៣គ្រឿង បាន​ទម្លាក់​ឧបករណ៍ជា​ច្រើន​លើក​ដោយ​ជោគជ័យ ​នៅ​ក្នុង​តំបន់​ Kobani​ ដែល​ក្នុង​នោះ​មាន​រួម​ទាំង​អាវុធ​ធុន​តូច ដែល​អាជ្ញាធរ Kurd នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ បាន​ផ្តល់​ផង។ ​ការ​ទម្លាក់​ឧបករណ៍​តាម​យន្តហោះ​ដែល​ជា​ការ​ធ្វើឡើង​ជា​លើក​ទី​មួយ ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​កាន់​កាប់​ទីក្រុង​ដែល​ស្ថិត​នៅ​តាម​ទល់​ដែន​នេះ ធ្វើ​ឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​តស៊ូ​ប្រឆាំង​ជាមួយ​ពួកសកម្ម​ប្រយុទ្ធ ISIL ​ដែល​ព្យាយាម​ដណ្តើម​យក​ទីក្រុង​ Kobani។

សេចក្តី​ប្រកាស​របស់​ស.រ.អា និយាយ​ថា ការ​ទម្លាក់​គ្រាប់បែកដែលនាំ​មុខ​ដោយ​ស.រ.អា ចំនួន​១៣៥​លើក នៅ​ក្បែរ​ទីក្រុង Kobani បាន​ជួយ​បន្ថយ​ការ​រុលទៅ​មុខ​របស់​ក្រុម IS ​នៅ​ក្នុង​សមរភូមិ​ដែល ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក អះ​អាង​ថា​ បាន​សម្លាប់​ពួក​ IS ​រាប់​រយ​នាក់។ កាល​ពី​ថ្ងៃ​សុក្រ​មុន ​ឧត្តម​សេនីយ Lloyd Austin នៃ​ទី​បញ្ជាការ​កណ្តាល​របស់​ស.រ.អា បាន​និយាយ​ថា ការ​ទម្លាក់​គ្រាប់​បែក​នៅក្នុង​ប្រទេស​ស៊ីរី និងប្រទេស​អ៊ីរ៉ាក់ ធ្វើឡើង​ក្នុង​គោល​ដៅ​បន្ថយ​កម្លាំង​បញ្ជាការ​ និង ការ​ក្តោប​ក្តាប់​របស់​ពួក IS និង​ការ​រស់​រាន​មាន​ជីវិត ជា​បន្ត​ទៅ​អនាគត។

«យើង​កំពុង​តែ​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ហើយ​យើង​កំពុង​តែ​ស្វែង​រក​ភស្តុតាង មិន​ត្រឹម​តែ​នៅ​ក្នុង​ការ​ស្ទង់​មើល​ការ​រង​ខូច​ខាត​របស់​ពួកសត្រូវ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​យើង​កត់​សម្គាល់​ឃើញ​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ និង​យុទ្ធ​វិធី​របស់​ពួក​សត្រូវ ដែល​បង្ហាញ​ឲ្យឃើញ​នូវ​ការថម​ថយសមត្ថិភាព និង​ការ​មិន​សូវ​មាន​សេរី​ភាព​ក្នុងការ​ធ្វើ​ដំណើរ។ ឧទាហរណ៍ យើង​លែង​ឃើញ​ពួក​នេះ ធ្វើ​ដំណើរ​ជុំ​វិញ​ប្រទេស ដោយ​ការ​ប្រើ​ក្បួន convoy ធំ​ៗ​ទៀត​ហើយ។ ឥឡូវ​នេះ​ពួកគេ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ស៊ីវិល ក្នុង​ចំនួន​តិច​វិញ។ ការ​ទម្លាក់​គ្រាប់​បែកកំពុង​រា​រាំង​មិន​ឲ្យ​ពួក​នេះ​ប្រមូល​ផ្តុំ​កម្លាំង​ដើម្បី​ធ្វើការ​ប្រយុទ្ធ។ យើង​បាន​ឃើញ​ពួកនេះផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​គមនាគមន៍ ដែល​កំពុងរារាំង​មិន​ឲ្យ​ពួក​នេះ មាន​សមត្ថភាព​រៀប​ចំ​កិច្ច​ប្រឹង​ប្រែង​របស់​ពួកគេ»។

​លោក​ Austin ​និយាយ​ថា​ ក្រុម​ IS ​បាន​យក​ការ​ដណ្តើម​កាន់​កាប់ទីក្រុង​ Kobani ​ធ្វើ​ជា​កិច្ច​ប្រឹង​ប្រែង​សំខាន់​របស់​ខ្លួន​ ហើយ​បាន​ព្រមាន​ថា​ ទីក្រុង​ដែល​ស្ថិត​នៅ​ក្បែរ​ទល់​ដែន​ប្រទេស​ទួគី​នេះ នៅ​តែ​អាច​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​នេះ ទោះ​ជា​លោក​មាន​ការ​លើក​ទឹក​ចិត្ត​ ដោយ​សារ​ការ​តាំង​ចិត្ត​របស់​ពួក​អ្នក​ប្រយុទ្ធ Kurd ក្នុង​ការ​តស៊ូ​ទល់​និង​ការ​បោះ​ជំហាន​ទៅ​មុខរបស់​ពួក IS ក៏​ដោយ។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា John Kerry ដែល​បាន​ស្ថិត​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ធ្វើ​សច្ចា​ប្រណិធានចូល​កាន់​តំណែង​របស់​លោក​ប្រធានាធិបតីថ្មី Joko Widodo នោះ បាន​ស្វះស្វែង​រក​ការគាំ​ទ្រ​នៅ​អាស៊ី ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​ពួក​សកម្ម​ប្រយុទ្ធ IS ជា​ពិសេស​ស្វែង​រក​វិធី​ដើម្បី​បង្អាក់​ការ​ស្វែង​រកអ្នក​ប្រយុទ្ធ​បរទេស​ថ្មី។​ លោក​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រីពី​ប្រទេស​ឥណ្ឌូនេស៊ី អូស្ត្រាលី ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហបូរី។

អ្នកជំនាញ​រឿង​ឥណ្ឌូណេស៊ី Peter McCawley នៃ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី ថ្លែងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​មិន​ប្រាកដជា​មាន​ការ​ក្តោប​ក្តាប់ លើ​សហគម​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​ដែល​មាន​ជន​ជាតិ​ម៉ូស្លីម​ច្រើន​ជាង​គេ​បង្អស់​ ក្នុង​ពិភពលោកនោះ​ទេ។

«សហគមន៍​ម៉ូស្លីមក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ក្នុង​ពិភពលោក មិន​មែន​ជា​សហគម​ដែល​រួប​រួម​គ្នា​នោះ​ទេ។ ឧទាហរណ៍​ពួកគេ​គ្មាន​មេដឹកនាំ​តែ​ម្នាក់​ទេ។ ពួក​គេ​ពុំ​មាន​មេដឹកនាំ​ម្នាក់ ដូច​សម្តេច ប៉ាប ឬ ដូច​សម្តេច ដាឡៃ ឡាម៉ា​ទេ។ ពួក​គេ​គ្មាន​មនុស្ស​ម្នាក់​ដែល​តំណាង​ឲ្យ​សហគម​ន៍​ឥណ្ឌូណេស៊ី​ទេ ។ គេ​មាន​មេ​ដឹកនាំ​ផ្សេងៗ ប៉ុន្តែ​មាន​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​អ៊ីស្លាម ហើយ​ពួកគេ​មិន​ទទួលស្គាល់​អំណាច​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ីទេ»។

មន្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​ John Kerry ​ថ្លែង​ថា លោក​សង្ឃឹម​ថា​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​អ៊ីស្លាម​ជិត​ខាង​របស់​ខ្លួន គឺ​ប្រទេស​ម៉ា​ឡេស៊ី និង ព្រុយ​ណេ ​អាច​ដើរ​តួ​នាទី​សំខាន់​មួយ ក្នុង​ការ​ប្រឈម​ជាមួយ​ពួក​អ៊ីស្លាម និយម​ជ្រុល។ លោក​ថ្លែង​ថា​ ស.រ.អា កំពុង​តែ​ស្វែង​រក​សហប្រតិបត្តិការ​កាន់​តែ​ច្រើន​ឡើង​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដើម្បី​រារាំង​ដល់​ការ​ស្វែង​រក​អ្នក​ប្រយុទ្ធ​បរទេស ដើម្បីទប់​កុំ​ឲ្យ​ពួក​អ្នក​ប្រយុទ្ធ​បរទេស​ទាំង​នេះ វិល​ត្រឡប់​មក​វិញ និង​ដើម្បីបង្ហាញ​អំពី​គោលដៅ​អាក្រក់​របស់​ពួក​និយម​ជ្រុល និង​ដើម្បី​ទប់​ស្កាត់​ការ​រក​ប្រាក់​ខុស​ច្បាប់​របស់​ពួក​នេះ។

ប្រែ​សម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG