ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កងកម្លាំង​អ៊ីរ៉ាក់​វាយ​ដណ្តើម​យក​ទីតាំង​សំខាន់ៗ​នៅ​ក្នុង​ក្រុង Kirkuk


កងកម្លាំង​អ៊ីរ៉ាក់​សម្រុក​ចូល​ក្នុង​ក្រុង Kirkuk ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ចន្ទ​ កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​វាយ​សម្រុក​ចូល​ទៅ​ក្នុង​ក្រុង​ Kirkuk កាន់កាប់​ដោយ​ក្រុម​ជន​អំបូរ​ Kurde ដោយ​យក​បាន​ការិយាល័យ​អភិបាល​ក្រុង កន្លែង​យោធា​សំខាន់ៗ និង​វាល​ប្រេង​មួយ​ផង​ដែរ។

ក្រុម​ទាហានរដ្ឋាភិបាល​ក្រុង Baghdad ត្រូវ​ហ្វឹកហ្វឺន​ដោយ​ស.រ.អា.​បាន​វាយ​សម្រុក​ចូល​ទៅ​ក្នុង​ផ្នែក​ខាង​ជើងនៃ​ក្រុង​នេះ​ហើយ​បាន​លើក​ទង់​ជាតិ​អ៊ីរ៉ាក់​ជំនួស​ទង់ Kurde តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី Haider al-Abadi។

ចំណាត់ការ​នេះ​ធ្វើ​ឡើង​តិច​ជាង​មួយ​ថ្ងៃ​ក្រោយ​ពី​បាន​បើក​ធ្វើ​កិច្ចប្រតិបត្តិការ​មួយ​ជា​ការ​ឆ្លើយតប​នឹង​ការ​បោះឆ្នោត​ដើម្បី​ឯករាជ្យ​ដោយ​ក្រុម​ជន​អំបូរ Kurde កាល​ពី​ខែ​មុនដែល​រដ្ឋាភិបាល​កណ្តាល​បាន​ប្រកាស​ថា​ជា​អំពើ​ខុសច្បាប់។​រដ្ឋាភិបាល​ក្រុង Baghdad បាន​ពណ៌នា​ការ​ជម្រុល​ទៅ​មុខ​របស់​ក្រុម​ទាហាន​ខ្លួន​ថា​គ្មាន​ការ​ទប់ទល់​ដោយ​ភាគ​ច្រើន​ ក៏​ប៉ុន្តែ​អង្គការ​ផ្តល់ជំនួយមួយ​បាននិយាយ​ថា​ពួក​

យុទ្ធជន​ Peshmerga Kurde និង​ពួក​យុទ្ធជន​អ៊ីរ៉ាក់​មួយ​ចំនួន​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​យប់មិញ​នៅ​ខាង​ត្បូង​ក្រុង kirkuk នៅ​មុន​ពេល​ពួកទាហាន​រដ្ឋាភិបាល​រុល​ទៅ​មុខ​ចូល​ក្នុង​ក្រុង​នេះ។​
ក្រសួង​ការ​ពារ​ប្រទេស​ស.រ.អា.​ដែល​បាន​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​បាន​ជួយ​ហ្វឹកហ្វឺន​ពួក​យុទ្ធជន​ Kurde ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាដ​រដ្ឋ​ឥស្លាម​បាន​និយាយថា​ចលនា​នៃ​ពួក​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន «ត្រូវ​សម្របសម្រួល» ជាមួយ​ការ​ដក​ថយ​នៃ​កងកម្លាំង Peshmerga ហើយ​ក្រសួង​នេះ​បាន​ហៅ​ការ​ប៉ះទង្គិច​គ្នា​នៅ​ខាង​ត្បូង​ក្រុង​នេះ​ថា​ជា «ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក» មួយ។​

លោក​វរសេនីយ៍ឯក Robert Manning នៃ​កងទ័ព​ជើង​គោក​ស.រ.អា. និង​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា «យើង​បន្ត​គាំទ្រ​ប្រទេស​អ៊ីរ៉ាក់​រួបរួម​គ្នា។​ ការ​សន្ទនា​គ្នា​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ដែល​កំពុង​មាន និង​បញ្ហា​មាន​យូរយារ​មក​ហើយ»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​ពួក​ Peshmerga បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ Baghdad នឹង​ «ខាត​បង់​ច្រើន» ដោយសារ «សង្គ្រាម​លើ​ប្រជារាស្ត្រនៃ​តំបន់ Kurdistan»៕

XS
SM
MD
LG